ព្រះត្រៃបិដក ភាគ ៥៦
ថេរគាថា ទុកនិបាត ចតុត្ថវគ្គ
[១៥២] កាលដែលខ្ញុំបួសក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ ក៏បានរួចស្រឡះ (ចាកកិលេស) បានកន្លងកាមធាតុ កាលព្រះពុទ្ធជាបុគ្គលប្រសើរ កំពុងពិនិត្យពិចារណា ចិត្តរបស់ខ្ញុំ ក៏បានរួចផុតចាកកិលេស វិមុត្តិរបស់ខ្ញុំ លែងកំរើក ព្រោះអស់ទៅនៃសំយោជនៈទាំងពួង។
មិគសិរត្ថេរ(១) ។
[១៥៣] ផ្ទះ គឺអត្តភាពទាំងឡាយ (ដែលកើត) រឿយៗ ក្នុងភពនោះ ៗ ជារបស់មិនទៀង ឥឡូវនេះ អាត្មាអញ កំពុងតែខំស្វែងរកជាង គឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាព ការកើតរឿយ ៗ ជាហេតុនាំមកនូវសេចក្ដីទុក្ខ។ នែជាងផ្ទះ អ្នក គឺយើងបានឃើញច្បាស់ហើយ អ្នកនឹងធ្វើផ្ទះទៀតមិនបានឡើយ ឆ្អឹងជំនីរ គឺកិលេសទាំងអស់របស់អ្នក យើងបានបំបាក់អស់ហើយ ទាំងហោជាង គឺអវិជ្ជាទៀតសោត យើងបានរុះរើចោលអស់ហើយ ចិត្តដែលយើងធ្វើឲ្យរីងស្ងួត ក៏នឹងរលត់ក្នុងភពនេះឯង។
សិវកត្ថេរ។
[១៥៤] ព្រះមុនី ជាព្រះអរហន្ត មានព្រះដំណើរល្អ ក្នុងលោក ទ្រង់អាពាធព្រោះខ្យល់ ម្នាលព្រាហ្មណ៍ ប្រសិនបើអ្នកមានទឹកក្ដៅ ចូរអ្នកថ្វាយដល់ព្រះមុនី។
(១) បានជាឈ្មោះថា មិគសិរត្ថេរ ព្រោះលោកកើតក្នុងខែមិគសិរ។ អដ្ឋកថា។
ID: 636866480007788542
ទៅកាន់ទំព័រ៖