ព្រះត្រៃបិដក ភាគ ៥៦
អាត្មាអញបានលះបង់មានះ មិនមានអាសវៈ មានឥន្ទ្រិយដល់នូវសេចក្ដីស្ងប់រម្ងាប់ ដូចសេះដែលនាយសារថីបង្ហាត់ល្អហើយ ទុកជាទេវតាទាំងឡាយ ក៏ស្រឡាញ់អាត្មាអញអ្នកមិនញាប់ញ័រដែរ។
ព្រហ្មាលិត្ថេរ។
[១៦៥] (ព្រះសាស្ដាទ្រង់សួរថា) ម្នាលមោឃរាជ ជាអ្នកមានសម្បុរអាក្រក់ តែមានចិត្តល្អ អ្នកជាភិក្ខុមានចិត្តដំកល់មាំរឿយ ៗ អស់រាត្រីទាំងឡាយ ក្នុងកាលត្រជាក់ ប្រកបដោយហេមន្ដរដូវ តើអ្នកនឹងធ្វើដោយបការដូចម្ដេច។
(មោឃរាជត្ថេរ ក្រាបទូលថា) ខ្ញុំព្រះអង្គបានឮដូច្នេះថា ដែនមគធៈទាំងមូល ជាដែនមានសន្ទូងបរិបូណ៌ ពួកភិក្ខុដទៃ មានការរស់នៅជាសុខ (ដោយកម្រាល និងគ្រឿងស្លៀកដណ្ដប់ដ៏ល្អ) យ៉ាងណា ខ្ញុំព្រះអង្គ (ក្រាល) បិទបាំងស្លឹកឈើ សម្រេចនូវការដេក (យ៉ាងនោះដែរ)។
មោឃរាជត្ថេរ។
[១៦៦] បុគ្គលមិនគប្បីលើកដំកើងខ្លួន មិនគប្បីបង្អាប់គេ មិនគប្បីថ្កោលទោសនៃពួកបុគ្គលដទៃ មិនគប្បីបៀតបៀនបុគ្គលអ្នកដល់នូវត្រើយ គឺព្រះនិព្វាន មិនគប្បីអួតគុណរបស់ខ្លួនក្នុងកណ្ដាលពួកបរិសទ្យ គប្បីជាអ្នកប្រាសចាកឧទ្ធច្ចៈ ជាអ្នកពោលពាក្យល្មមកំណត់ ជាអ្នកមានវត្តល្អចុះ។
ID: 636866482173302403
ទៅកាន់ទំព័រ៖