ព្រះត្រៃបិដក ភាគ ៥៦
[១៧៣] បុគ្គលណា (មិនធ្វើ) នូវអំពើដែលគួរធ្វើក្នុងកាលមុន ហើយចង់ធ្វើក្នុងកាលក្រោយវិញ បុគ្គលនោះ រមែងឃ្លាតចាកឋានៈជាសុខផង តែងក្ដៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយផង។ បុគ្គលធ្វើអំពើណា ត្រូវនិយាយតែអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយអំពើនោះឡើយ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងច្បាស់នូវបុគ្គលកាលមិនធ្វើ បានតែនិយាយ។ សេចក្ដីទុក្ខរលត់ទៅក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ ជាគុណជាតមិនមានសេចក្ដីសោក ប្រាសចាកធូលី ជាទីក្សេមក្សាន្ដ នាំមកនូវសេចក្ដីសុខ ដោយប្រពៃមែនពិត។
ពាកុលត្ថេរ។
[១៧៤] បើបុគ្គលស្រឡាញ់ក្នុងភាពជាសមណៈ ប្រាថ្នាដើម្បីរស់នៅស្រួល មិនគប្បីមើលងាយចីវរ ទឹក និងភោជនជារបស់សង្ឃទេ។ បើបុគ្គលស្រឡាញ់ក្នុងភាពជាសមណៈ ប្រាថ្នាដើម្បីរស់នៅស្រួល គប្បីសេពទីដេក និងទីអង្គុយ ដូចជាពស់សេពនូវរន្ធរបស់កណ្ដុរ។ បើបុគ្គលស្រឡាញ់ក្នុងភាពជាសមណៈ ប្រាថ្នាដើម្បីរស់នៅស្រួល គប្បីត្រេកអរដោយបច្ច័យតាមមានតាមបានផង គប្បីចំរើនធម៌ឯកផង។
ធនិយត្ថេរ។
[១៧៥] ខណៈរមែងប្រព្រឹត្តកន្លងនូវមាណពទាំងឡាយ ដែលមានការងារលះចោល (ដោយគិតអាងថា) ត្រជាក់ពេក ក្ដៅពេក ល្ងាចពេក។
ID: 636866484329605736
ទៅកាន់ទំព័រ៖