ព្រះត្រៃបិដក ភាគ ៥៦
បុគ្គលណាមួយ កាលធ្វើនូវកិច្ចរបស់បុរស មិនអើពើចំពោះត្រជាក់ និងក្ដៅឲ្យក្រៃលែងជាងស្មៅ បុគ្គលនោះ រមែងមិនសាបសូន្យចាកសេចក្ដីសុខឡើយ។ អាត្មាអញ កាលចំរើននូវវិវេក នឹងកំចាត់បង់បាននូវស្មៅចិញ្ចៀន ស្បូវ គុម្ពឈើមានបន្លា ស្បូវរណ្ដាស ស្មៅដំណេកទន្សាយ និងស្មៅយាប្ល៉ង (កិលេសគ្រោតគ្រាត កណ្ដាល ល្អិត) ដោយទ្រូង (សេចក្ដីព្យាយាម)។
មាតង្គបុត្តត្ថេរ។
[១៧៦] ពួកសមណៈណា ជាអ្នកមានសំដីដ៏វិចិត្រ ជាពហុស្សូត នៅក្នុងក្រុងបាតលិបុត្តជាប្រក្រតី បណ្ដាពួកសមណៈទាំងនោះ ខុជ្ជសោភិតត្ថេរមានអាយុនេះ ជាសមណៈមួយរូបដែរ ឈរជិតទ្វារ។
ពួកសមណៈណា ជាអ្នកមានសំដីដ៏វិចិត្រ ជាពហុស្សូត នៅក្នុងក្រុងបាតលិបុត្តជាប្រក្រតី បណ្ដាសមណៈទាំងនោះ ខុជ្ជសោភិតត្ថេរមានអាយុនេះ ជាសមណៈមួយរូបដែរ ជាអ្នកមកដោយខ្យល់ គឺមកដោយកម្លាំងនៃឫទ្ធិ ហើយឈរជិតទ្វារ។
ខុជ្ជសោភិតត្ថេរនេះ បានដល់នូវសេចក្ដីសុខ ដោយការច្បាំង (នឹងពួកកិលេស) ផង ដោយបូជាល្អផង ដោយការឈ្នះសង្គ្រាមផង ដោយការសន្សំនូវព្រហ្មចរិយធម៌ផង។
ខុជ្ជសោភិតត្ថេរ។
ID: 636866484680995835
ទៅកាន់ទំព័រ៖