ព្រះត្រៃបិដក ភាគ ៥៦
[១៧៧] បណ្ដាពួកមនុស្សក្នុងលោកនេះ ជនណាមួយបៀតបៀនសត្វដទៃ ជននោះ រមែងសាបសូន្យ ចាកប្រយោជន៍ និងសេចក្ដីសុខក្នុងលោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ។ លុះតែជនណា អនុគ្រោះដល់សត្វទាំងពួង ដោយចិត្តប្រកបដោយមេត្តា ជនប្រាកដដូច្នោះនោះ ទើបទទួលបុណ្យដ៏ច្រើន។ បុគ្គលគប្បីសិក្សាសុភាសិតផង នូវការចូលទៅរកសមណៈផង នូវការអង្គុយតែម្នាក់ឯងក្នុងទីស្ងាត់ផង នូវការញ៉ាំងចិត្តឲ្យស្ងប់រម្ងាប់ផង។
វារណត្ថេរ។
[១៧៨] បុគ្គលអ្នកមានសទ្ធា មានប្រាជ្ញា ឋិតនៅក្នុងធម៌ បរិបូណ៌ដោយសីល សូម្បីតែម្នាក់ឯង ក៏រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ពួកញាតិ និងផៅពង្ស ដែលជាអ្នកមិនមានសទ្ធា។ ញាតិទាំងឡាយ ដែលខ្ញុំផ្ទញ់ផ្ទាល់ រំឭកដាស់តឿន ដោយសេចក្ដីអនុគ្រោះ ក៏បានធ្វើសក្ការៈចំពោះពួកភិក្ខុ ដោយសេចក្ដីស្រឡាញ់ ថាជាញាតិ ជាផៅពង្ស។ ពួកញាតិទាំងនោះ លុះធ្វើមរណកាលកន្លងលោកនេះទៅហើយ ក៏បានដល់នូវសេចក្តីសុខក្នុងទេវលោក ទាំងបងប្អូន និងមាតារបស់ខ្ញុំ ក៏ជាអ្នកបរិបូណ៌ដោយកាមគុណ រមែងត្រេកអរដែរ។
បស្សិកត្ថេរ។
ID: 636866484982963106
ទៅកាន់ទំព័រ៖