ព្រះត្រៃបិដក ភាគ ៥៦
សត្វទាំងឡាយ ជួនកាលត្រេកអរ ជួនកាលប្រាសចាកសេចក្ដីត្រេកអរ (ព្រោះហេតុនោះ) អ្នកប្រាជ្ញនឹងឈ្នះចំពោះការត្រេកអរ និងមិនត្រេកអរនោះ ដូចម្ដេចកើត។ ភត្តដែលគេចំអិនបំរុងអ្នកប្រាជ្ញបន្ដិច ៗ រាល់ ៗ ត្រកូល អាត្មានឹងត្រាច់ទៅ ដើម្បីដុំបាយ (ព្រោះ) កម្លាំងស្មងរបស់អាត្មា មាននៅឡើយ។
សាដិមត្តិយត្ថេរ។
[១៨១] កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា ហើយបួសថ្មី ជានវភិក្ខុ គប្បីគប់រកកល្យាណមិត្រទាំងឡាយ ដែលជាអ្នកមានការចិញ្ចឹមជីវិតដោយបរិសុទ្ធិ អ្នកមិនខ្ជិលច្រអូស។ កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា បួសថ្មី ជានវភិក្ខុ អ្នកមានប្រាជ្ញា កាលនៅក្នុងពួក គប្បីសិក្សានូវវិន័យ។ កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា បួសថ្មី ជានវភិក្ខុ ជាអ្នកឈ្លាសក្នុងហេតុដែលគួរ និងមិនគួរទាំងឡាយ គប្បីប្រព្រឹត្ត កុំឲ្យ (ពួកកិលេស មានតណ្ហាជាដើម) ប្រព្រឹត្តទៅក្នុងខាងមុខបាន។
ឧបាលិត្ថេរ។
[១៨២] ឱហ្ន៎ កាមគុណទាំង ៥ ញ៉ាំងអាត្មាអញជាបណ្ឌិតមានសមត្ថភាព គិតនូវប្រយោជន៍ ឲ្យធ្លាក់ចុះក្នុងលោក ព្រោះតែសេចក្ដីវង្វេងទេតើ។
ID: 636866485687193386
ទៅកាន់ទំព័រ៖