ព្រះត្រៃបិដក ភាគ ៥៦
អាត្មាអញ ចូលទៅក្នុងវិស័យនៃកិលេសមារ ត្រូវសរ គឺរាគៈមុតជាប់ហើយ តែអាចស្ទុះរួចចាកអន្ទាក់នៃមច្ចុរាជបាន។ កាមទាំងពួង អាត្មាអញបានលះបង់ហើយ ភពទាំងពួង អាត្មាអញបានទំលាយចោលហើយ ជាតិសង្សារអស់ហើយ ឥឡូវនេះ ភពថ្មីមិនមាន។
ឧត្តរបាលត្ថេរ។
[១៨៣] នែពួកញាតិទាំងអស់ ដែលមកជួបជុំក្នុងទីនេះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់ចុះ អាត្មាសូមសំដែងធម៌ដល់អ្នកទាំងឡាយថា ការកើតរឿយ ៗ ជាហេតុនាំមកនូវទុក្ខ។ អ្នកទាំងឡាយ ចូរប្រារព្ធព្យាយាម ចូរគេចចេញ (ចាកសេចក្ដីខ្ជិល) ចូរប្រកប (នូវសិក្ខា មានអធិសីលសិក្ខាជាដើម) ក្នុងព្រះពុទ្ធសាសនា ចូរកំចាត់បង់នូវសេនានៃមច្ចុ ឲ្យដូចជាដំរីកំចាត់បង់នូវផ្ទះ ដែលធ្វើដោយដើមបបុសដូច្នោះចុះ។ បុគ្គលណា ជាអ្នកមិនមានសេចក្ដីប្រមាទក្នុងធម្មវិន័យនេះ បុគ្គលនោះ នឹងលះបង់នូវជាតិសង្សារ ធ្វើនូវទីបំផុតនៃទុក្ខបាន។
អភិភូតត្ថេរ។
[១៨៤] អាត្មាអញ កាលអន្ទោលទៅ (ក្នុងសង្សារ) បានទៅកាន់នរកញយ ៗ ផង ទៅកាន់ប្រេតវិស័យញយ ៗ ផង បានកើតក្នុងកំណើតតិរច្ឆានរងទុក្ខជាញយ ៗ ផង ហើយអាត្មាអញនៅ (រងទុក្ខ) អស់កាលយូរអនេក។ ម្យ៉ាងទៀត ភពជារបស់មនុស្ស អាត្មាអញ ធ្លាប់បានហើយ
ID: 636866487821175443
ទៅកាន់ទំព័រ៖