ព្រះត្រៃបិដក ភាគ ៥៦
បុគ្គលនោះ ឈ្មោះថាពាល រមែងបាននូវទុក្ខ ព្រោះការចាត់ចែងមិនមែនដោយឧបាយនៃប្រាជ្ញា។ ប្រយោជន៍ទាំងឡាយរបស់បុគ្គលនោះ រមែងសាបសូន្យ ដូចព្រះចន្ទ្រក្នុងកាឡបក្ខ បុគ្គលនោះ រមែងដល់នូវភាពជាអ្នកមិនមានយសផង បែកចាកពួកមិត្រផង។ បុគ្គលណា សន្សឹមក្នុងកាលដែលគួរសន្សឹម ប្រញាប់ប្រញាល់ក្នុងកាលដែលគួរប្រញាប់ប្រញាល់ បុគ្គលនោះ ឈ្មោះថាបណ្ឌិត រមែងបានសេចក្ដីសុខ ព្រោះការចាត់ចែងដោយឧបាយនៃប្រាជ្ញា។ ប្រយោជន៍របស់បុគ្គលនោះ រមែងពេញបរិបូណ៌ ដូចជាព្រះចន្ទ្រក្នុងសុក្កបក្ខ បុគ្គលនោះ រមែងដល់នូវយស និងកេរ្ដិ៍ឈ្មោះផង មិនបែកចាកពួកមិត្រផង។
សម្ភូតត្ថេរ។
[១៩៤] សព្រហ្មចារីបុគ្គលទាំងឡាយ ស្គាល់ច្បាស់នូវអាត្មាអញ ថារាហុលដ៏ចំរើន ជាអ្នកប្រកបដោយគុណទាំងពីរយ៉ាងគឺ ជាតិ និងប្រតិបត្តិ ព្រោះអាត្មាអញ ជាកូននៃព្រះពុទ្ធផង ជាអ្នកមានបញ្ញាចក្ខុក្នុងធម៌ទាំងឡាយផង អាសវៈរបស់អាត្មាអញអស់ហើយផង ភពថ្មីទៀត អាត្មាអញមិនមានផង អាត្មាអញ ជាព្រះអរហន្ត គួរដល់ទក្ខិណា មានវិជ្ជា ៣ ឃើញព្រះនិព្វានឈ្មោះអមតៈ។ សត្វទាំងឡាយ ជាអ្នកងងឹតព្រោះកាម ត្រូវបណ្ដាញរួបរឹតហើយ ត្រូវដំបូល គឺតណ្ហាបិទបាំងហើយ ត្រូវមារចងហើយ ដូចត្រីជាប់នៅក្នុងមាត់លបដូច្នោះ។
ID: 636866490315938135
ទៅកាន់ទំព័រ៖