ព្រះត្រៃបិដក ភាគ ៥៦
ឧព្វរីវគ្គ ទី២
រឿងសំសារមោចកប្រេត ទី១
[១៣] (ព្រះសារីបុត្តសួរថា) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាងជាស្រីអាក្រាត មានរូបអាក្រក់ក្រៃពេក មានខ្លួនស្គាំងស្គម មានខ្លួនរវាមដោយសរសៃ នាងជាអ្វី មកឋិតនៅទីនេះ។
(នាងប្រេត តបថា) បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំជាស្រីប្រេត ដល់នូវសេចក្ដីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក ព្រោះធ្វើបាបកម្ម។
ចុះអំពើអាក្រក់ ដែលនាងបានធ្វើដោយកាយ វាចា ចិត្ត តើដូចម្ដេច នាងទៅកាន់បេតលោក អំពីមនុស្សលោកនេះ ព្រោះវិបាកនៃកម្មដូចម្ដេច។
បពិត្រលោកដ៏ចំរើន បិតាមាតា ឬពួកញាតិ ជាអ្នកអនុគ្រោះដល់ខ្ញុំ គប្បីដឹកនាំខ្ញុំថា នាងចូរមានចិត្តជ្រះថ្លា ឲ្យទានដល់ពួកសមណព្រាហ្មណ៍ (ដូច្នេះ) ពុំមានឡើយ។ ខ្ញុំទើបបានជាស្រីអាក្រាត មានសភាពយ៉ាងនេះ តែងត្រាច់ទៅអស់ ៥០០ ឆ្នាំ ចាប់ដើមអំពីឆ្នាំនេះទៅ ទំពាស៊ីដោយសេចក្ដីស្រេកឃ្លានផង ដោយចំណង់ផង នេះជាផលនៃបាបកម្មរបស់ខ្ញុំ។
ID: 636866404285617482
ទៅកាន់ទំព័រ៖