ព្រះត្រៃបិដក ភាគ ៥៦
ខ្ញុំដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ ខ្ញុំជាអ្នកមិនប្រមាទ បានស្ដាប់ បានរៀនល្អនូវសិក្ខា ក្នុងពាក្យប្រៀនប្រដៅរបស់លោក អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវភពថ្មីមិនមានទេ។ លោកប្រៀនប្រដៅខ្ញុំដោយវ័តដ៏ប្រសើរ ជាអ្នកអនុគ្រោះ ទំនុកបម្រុង (នូវខ្ញុំ) ឱវាទរបស់លោកមិនឥតអំពើឡើយ ខ្ញុំជាសិស្សបានរៀនសូត្រហើយ។
សុមនត្ថេរ។
[២០៣] មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញនូវជន្លួន (ឱវាទ) ដល់អាត្មាអញ អាត្មាអញដែលមាតាប្រៀនប្រដៅ បានស្ដាប់ពាក្យរបស់លោកហើយ ជាអ្នកមានព្យាយាមមុតមាំហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានដល់នូវសម្ពោធិដ៏ឧត្ដម។ អាត្មាអញជាអរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញព្រះនិព្វានឈ្មោះអមតៈ អាត្មាអញឈ្នះសេនានៃមារ ជាអ្នកមិនមានអាសវៈ។ អាសវៈទាំងឡាយណារបស់អាត្មាអញ ខាងក្នុងក្ដី ខាងក្រៅក្ដី អាសវៈទាំងអស់នោះ អាត្មាអញកាត់ផ្ដាច់ហើយ ឥតមានសេសសល់ ទាំងមិនកើតទៀតទេ។ បងស្រីមានសេចក្ដីក្លៀវក្លា បានពោលនូវសេចក្ដីនេះ
ID: 636866493818018442
ទៅកាន់ទំព័រ៖