ព្រះត្រៃបិដក ភាគ ៥៦
[២០៥] អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាលមហោស្រពឈ្មោះគយផគ្គុ បាបណា ដែលអាត្មាអញធ្វើហើយ ក្នុងជាតិទាំងឡាយដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញបណ្ដែតចោលនូវបាបនោះ ក្នុងកំពង់ឈ្មោះគយានេះ ទិដ្ឋិយ៉ាងនេះ មានហើយក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចាជាសុភាសិត ជាបទប្រកបដោយធម៌ និងអត្ថ ហើយពិចារណានូវសេចក្ដីតាមគួរដល់ការពិត ដោយឧបាយនៃប្រាជ្ញា។ អាត្មាអញ មានបាបទាំងពួងលាងចេញហើយ មិនមានមន្ទិល មានកិលេសលាងចេញហើយ ជាអ្នកស្អាតបរិសុទ្ធ ជាពុទ្ធទាយាទ (អ្នកគួរទទួលនូវមត៌កនៃព្រះពុទ្ធ) ជាកូនកើតអំពីព្រះឧរៈនៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែនៃមគ្គ ប្រកបដោយអង្គ ៨ ហើយ បណ្ដែតចោលនូវបាបទាំងពួង ដល់នូវវិជ្ជា ៣ ហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញ បានធ្វើហើយ។
គយាកស្សបត្ថេរ។
[២០៦] (ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគដែលកើតអំពីខ្យល់គ្របសង្កត់ហើយ នៅក្នុងព្រៃធំ មានគោចរលះបង់ហើយ (ក្រចតុប្បច្ច័យ) ជាទីសៅហ្មង តើនឹងធ្វើដូចម្ដេច។
ID: 636866494346668679
ទៅកាន់ទំព័រ៖