ព្រះត្រៃបិដក ភាគ ៥៦
ក៏គង់សាបសូន្យចាកព្រះសទ្ធម្ម ដូចព្រះចន្ទ្រក្នុងកាឡប័ក្ខ (រនោច)។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី ក៏គង់រីងស្ងួតក្នុងព្រះសទ្ធម្ម ដូចជាត្រីរីងស្ងួតក្នុងទីមានទឹកតិច។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គង់មិនលូតលាស់ក្នុងព្រះសទ្ធម្ម ដូចជាពូជស្អុយមិនដុះក្នុងស្រែ។ លុះតែបុគ្គលណា មានចិត្តគ្រប់គ្រងហើយ ស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំងអាសវៈទាំងពួងឲ្យអស់ទៅ ធ្វើឲ្យជាក់ច្បាស់នូវធម៌ មិនកំរើក (អរហត្តផល) ដល់នូវសេចក្ដីស្ងប់ដ៏ឧត្តម គឺអនុបាទិសេសនិព្វាន ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។
យសទត្តត្ថេរ។
[២០៩] ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិនមានអាសវៈផង ខ្ញុំបានឃើញព្រះមានព្រះភាគអង្គនោះផង ទាំងបាននៅជាមួយក្នុងកុដិផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើរាត្រីជាច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅក្នុងទីវាល ព្រះសាស្ដាឈ្លាសក្នុងការនៅ បានស្ដេចចូលទៅកាន់កុដិក្នុងពេលនោះ។ ព្រះគោតមទ្រង់ក្រាលសង្ឃាដិ ហើយសម្រេចសីហសេយ្យា ដូចជាសត្វសីហៈ ដែលលះបង់សេចក្ដីភ័យស្ញប់ស្ញែង ដេកក្នុងគុហាថ្មកែវ។
ID: 636866495079460593
ទៅកាន់ទំព័រ៖