ព្រះត្រៃបិដក ភាគ ៥៦
លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃព្រះសម្មាសម្ពុទ្ធ អ្នកពោលពាក្យពីរោះ បានពោលនូវព្រះសទ្ធម្មចំពោះព្រះភក្ដ្រព្រះពុទ្ធដ៏ប្រសើរ។ បានកំណត់ដឹងនូវបញ្ចក្ខន្ធ បានចំរើននូវមគ្គដ៏ប្រសើរ ហើយដល់នូវទីស្ងប់ដ៏ឧត្តម ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។
សោណកុដិកណ្ណត្ថេរ។
[២១០] បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទរបស់គ្រូទាំងឡាយ គប្បីនៅក្នុងឱវាទរបស់គ្រូនោះផង គប្បីញ៉ាំងសេចក្ដីស្រឡាញ់ឲ្យកើតផង បុគ្គលនោះ ឈ្មោះថាជាអ្នកមានភក្ដីផង ឈ្មោះថាជាអ្នកប្រាជ្ញផង ទាំងបុគ្គលនោះ មុខជានឹងមានសេចក្ដីវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ អន្ដរាយទាំងឡាយដ៏ខ្លាំងក្លា កើតឡើងហើយ តែមិនបានគ្របសង្កត់នូវបុគ្គលណា ជាអ្នកពិចារណា បុគ្គលនោះ ឈ្មោះថាជាអ្នកមានកំឡាំងផង ឈ្មោះថាជាអ្នកមានប្រាជ្ញាផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ បុគ្គលណា នឹងធឹងមិនញាប់ញ័រ ជាអ្នកមានបញ្ញាជ្រៅដូចសមុទ្រ ឃើញនូវសេចក្ដីដ៏ល្អិត បុគ្គលនោះ ឈ្មោះថាជាអ្នកដែលកិលេសដឹកនាំមិនបានផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។
ID: 636866495301823311
ទៅកាន់ទំព័រ៖