ព្រះត្រៃបិដក ភាគ ៥៦
[២១៩] ខ្ញុំស្រវឹងដោយសេចក្ដីស្រវឹងព្រោះជាតិផង ដោយភោគៈ និងឥស្សរិយយសផង ដោយសណ្ឋានវណ្ណៈ និងរូប (ល្អ) ផង ខ្ញុំជាបុគ្គលប្រព្រឹត្តស្រវឹងជ្រប់ហើយ។ ខ្ញុំត្រូវអតិមានះកំចាត់បង់ហើយ ជាមនុស្សពាល ជាអ្នករឹងរូស មានមានះដូចជាទង់ជ័យ ដែលគេលើកឡើងហើយ មិនបានសំគាល់អ្នកណាមួយ ថាជាបុគ្គលស្មើនឹងខ្លួនផង ថាជាបុគ្គលក្រៃលែងជាងខ្លួនផង។ ខ្ញុំជាអ្នកមានមានះរឹងរូស មិនអើពើ មិនក្រាបសំពះអ្នកណាមួយ ទោះជាមាតាក្ដី បិតាក្ដី ឬអ្នកដទៃដែលសន្មតថាគួរគោរព។ ខ្ញុំបានឃើញព្រះសាស្ដា ជាអ្នកទូន្មានសត្វប្រសើរខ្ពង់ខ្ពស់ជាងនាយសារថីទាំងឡាយ ព្រះអង្គរុងរឿងដូចព្រះអាទិត្យ មានភិក្ខុសង្ឃចោមរោម ក៏មានចិត្តជ្រះថ្លា បានលះមានះ និងសេចក្ដីស្រវឹងចេញអស់ហើយ ទើបថ្វាយបង្គំព្រះសាស្ដា ព្រះអង្គខ្ពង់ខ្ពស់ជាងសព្វសត្វដោយត្បូង។ ខ្ញុំបានលះបង់ គាស់រំលើងនូវសេចក្ដីប្រកាន់ថា វិសេសជាងគេផង នូវសេចក្ដីប្រកាន់ថា ថោកទាបជាងគេផង បានផ្ដាច់ផ្ដិលអស្មិមានះចោលអស់ហើយ ទាំងមានះផ្សេង ៗ ទាំងអស់ ខ្ញុំក៏បានកំចាត់បង់ស្រឡះហើយ។
ជេន្តបុរោហិតបុត្តត្ថេរ។
ID: 636866498287444079
ទៅកាន់ទំព័រ៖