ព្រះត្រៃបិដក ភាគ ៥៦
[២២០] ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ទើបនឹងបួសថ្មី ៗ បានសង្កត់សង្កិននាគរាជមានឫទ្ធិច្រើន ដោយឫទ្ធិ ហើយដងយកទឹកពីស្រះធំ ឈ្មោះអនោតត្ត មកប្រគេនព្រះឧបជ្ឈាយ៍ក្នុងគ្រាណា គ្រានោះ ព្រះសាស្ដាទ្រង់ទតឃើញខ្ញុំហើយ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលសារីបុត្ត អ្នកចូរមើលកុមារតូចនេះ កំពុងនាំយកនូវក្អមទឹកមក មានចិត្តតាំងខ្ជាប់ខ្ជួនខាងក្នុង។ សាមណេររបស់ព្រះអនុរុទ្ធ មានវត្តគួរជ្រះថ្លា មានឥរិយាបថបរិបូណ៌ និងជាអ្នកក្លៀវក្លាដោយឫទ្ធិ ជាបុរសអាជានេយ្យ ដែលព្រះអនុរុទ្ធ ជាបុរសអាជានេយ្យ ជាសប្បុរស ឲ្យធ្វើតែអំពើល្អ ណែនាំតែខាងផ្លូវល្អ មានកិច្ចធ្វើរួចហើយ មានសិក្ខាឲ្យសិក្សាហើយ សុមនសាមណេរនោះ បានដល់នូវព្រះនិព្វាន ជាទីស្ងប់រម្ងាប់ក្រៃលែង បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល ជាធម៌មិនកម្រើក ប្រាថ្នាថា សូមកុំឲ្យជនណាមួយស្គាល់អញឡើយ។
សុមនត្ថេរ។
[២២១] (ព្រះសាស្ដាត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគខ្យល់គ្របសង្កត់ហើយ កាលនៅក្នុងព្រៃធំ មានគោចរលះបង់ហើយ ជាព្រៃសៅហ្មង នឹងធ្វើដូចម្ដេចកើត។
ID: 636866498581020870
ទៅកាន់ទំព័រ៖