ព្រះត្រៃបិដក ភាគ ៥៦
បពិត្រលោកដ៏ចំរើន ពួកយើង គួរបាននូវយានដោយប្រការណា សូមលោកខំព្យាយាម ដោយប្រការនោះចុះ។
ព្រះថេរៈ បានស្បែកជើងមានជាន់មួយ ហើយបានប្រគេនដល់ព្រះសង្ឃ ដែលមកអំពីទិសទាំង ៤។ លុះព្រះថេរៈបានប្រគេនហើយ ក៏ឧទ្ទិសចំពោះបិតាមាតា និងបងថា សូមទាននេះ សម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមពួកញាតិ បានដល់នូវសេចក្តីសុខ។ ពួកប្រេត បានមកដោយរថ ក្នុងលំដាប់ដែលឧទ្ទិសហើយ (និយាយថា) បពិត្រលោកដ៏ចំរើន ពួកយើង លោកបានអនុគ្រោះហើយ ដោយបាយផង ដោយគ្រឿងបិទបាំងផង ដោយផ្ទះផង ដោយទានទាំងពីរ គឺបានីយទាន និងយានទានផង បពិត្រលោកដ៏ចំរើន ពួកយើងមក ដើម្បីថ្វាយបង្គំលោក ជាអ្នកប្រាជ្ញ ប្រកបដោយសេចក្តីករុណាក្នុងលោក។
ចប់ រឿងសានុវាសិប្រេត ទី២។
រឿងរថការីប្រេត ទី៣
[២៨] (មាណពនិយាយនឹងស្រីប្រេតថា) បពិត្រនាងទេវីមានអានុភាពច្រើន នាងឡើងកាន់វិមាន មានសសរកែវពៃទូរ្យ ដ៏រុងរឿងភ្លឺផ្លេកៗ វិចិត្រដោយរតនៈច្រើនយ៉ាង ហើយនៅក្នុងវិមាននោះ ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត នៅក្នុងផ្លូវជាគន្លង (របស់ខ្លួន) ទាំងសម្បុររបស់នាងសោត ប្រាកដស្មើដោយមាស
ID: 636866421838471448
ទៅកាន់ទំព័រ៖