ព្រះត្រៃបិដក ភាគ ៥៦
ក៏ត្រឡប់បាននូវសេចក្ដីត្រេកអរនឹងសេចក្ដីជ្រះថ្លា ក្នុងកាលជាខាងក្រោយ ទារកនោះ បានបម្រើព្រះតថាគត ព្រះអង្គគង់នៅក្នុងវត្តជេតពន ដោយយាគូអស់ ៧ ថ្ងៃ។ នោះជាវ័ត នោះជាព្រហ្មចរិយៈរបស់កុមារនោះ នេះជាផលនៃវ័ត ឬព្រហ្មចរិយៈនោះ ដែលកុមារនេះសន្សំល្អហើយ បានជាកុមារនេះ ដល់នូវសេចក្ដីវិនាសដល់ម្ល៉េះ ហើយត្រឡប់បាននូវឫទ្ធិ គឺទិព្វសម្បត្តិដល់ម្ល៉ោះនោះវិញ។ លុះកុមារនោះ ឋិតនៅក្នុងមនុស្សលោកនេះ អស់មួយរយឆ្នាំ ជាអ្នកបរិបូណ៌ដោយកាមទាំងពួង ដល់បែកឆ្លាយរាងកាយទៅកាន់ភពថ្មី ក៏បានជាកូននៃសក្កទេវរាជ។
ចប់ រឿងកុមារប្រេត ទី៥។
រឿងសេរិនីប្រេត ទី៦
[៣១] (ឧបាសកបានសួរស្រីប្រេតថា) ម្នាលនាងស្គម មានឆ្អឹងជំនីររគាម នាងជាស្រីអាក្រាត មានរូបមានសម្បុរអាក្រក់ ជាស្រីស្គម រវីមរវាមដោយសរសៃ នាងជាអ្វី មកឈរក្នុងទីនេះ។
(ស្រីប្រេតឆ្លើយថា) បពិត្រអ្នកដ៏ចំរើន ខ្ញុំជាស្រីប្រេត ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក បានធ្វើនូវកម្មដ៏លាមក (លុះច្យុត) អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក។
ID: 636866423575310789
ទៅកាន់ទំព័រ៖