ព្រះត្រៃបិដក ភាគ ៥៦
រឿងធាតុវិវណ្ណប្រេត ទី១០
[៣៥] (ព្រះមហាកស្សប សួរធាតុវិវណ្ណប្រេតថា) អ្នកឋិតនៅឰដ៏អាកាស មានក្លិនអាក្រក់ ស្អុយផ្សាយទៅផង ពួកដង្កូវរុកស៊ីមាត់របស់អ្នក ដែលមានក្លិនស្អុយផង តើអ្នកបានធ្វើអំពើដូចម្ដេច ក្នុងកាលមុន។ ព្រោះតែផ្សាយក្លិនអាក្រក់ និងមាត់ដែលដង្កូវរុកស៊ីនោះ (បានជាពួកសត្វដែលកម្មដាស់តឿន) កាន់គ្រឿងសស្រ្ដាមកវះ (មាត់អ្នក) រឿយៗ ហើយស្រោចដោយទឹកខារ (ទឹកក្រុត) រួចវះញយៗថែមទៀត។ អំពើអាក្រក់ដូចម្ដេច ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត អ្នករងទុក្ខនេះ តើដោយផលនៃកម្មដូចម្ដេច។
(ធាតុវិវណ្ណប្រេតនោះឆ្លើយថា) បពិត្រលោក អ្នកនិរទុក្ខ ខ្ញុំជាឥស្សរៈលើទ្រព្យ និងធញ្ញជាតិដ៏ច្រើនក្រៃលែង (នៅ) ក្នុងក្រុងរាជគ្រឹះ មានភ្នំដូចជាក្រោល គួរត្រេកអររីករាយ។ (កាលពីជាតិមុន) ស្រីនេះ ជាប្រពន្ធរបស់ខ្ញុំផង ស្រីនេះ ជាធីតារបស់ខ្ញុំផង ស្រីនេះ ជាកូនប្រសាររបស់ខ្ញុំផង ខ្ញុំបានឃាត់ (ស្រីនោះ) ដែលនាំផ្កាពុំសែន ផ្កាឧប្បល និងគ្រឿងលាបមានតម្លៃ ទៅកាន់ព្រះស្ដូប បាបនោះឯង ដែលខ្ញុំបានធ្វើហើយ។ ពួកយើងចំនួន ៨៦.០០០ នាក់ រងទុក្ខវេទនាចំពោះខ្លួនៗ ឆេះនៅក្នុងនរកយ៉ាងខ្លាំង ព្រោះតិះដៀលនូវការបូជាចំពោះព្រះស្ដូប
ID: 636866425789267420
ទៅកាន់ទំព័រ៖