ព្រះត្រៃបិដក ភាគ ៥៧
ខ្ញុំផ្អែកនឹងជញ្ជាំងផ្ទះ ហើយក៏បានឆាន់នូវពំនូតបាយនោះ កាលពំនូតបាយដែលខ្ញុំកំពុងបរិភោគក្ដី បរិភោគរួចហើយក្ដី ខ្ញុំមិនមានសេចក្ដីខ្ពើមរអើមឡើយ។ ដុំបាយដែលភិក្ខុទៅឈរទៀបទ្វារផ្ទះនៃជនដទៃ ហើយបានមកជាអាហារ ១ សម៉ដែលត្រាំដោយទឹកមូត្រគោស្អុយ ជាឱសថ ១ ម្លប់ឈើជាសេនាសនៈ ១ សំពត់បង្សុកូលចីវរ ១ ភិក្ខុណាបានបរិភោគនូវរបស់ទាំងនេះហើយ ភិក្ខុនោះ អាចនៅក្នុងទិសទាំង ៤ បាន។ ពួកមនុស្សខ្លះ កាលឡើងភ្នំ តែងតែលំបាកចិត្ត ក្នុងបច្ឆិមវ័យណា កស្សបៈ ជាទាយាទរបស់ព្រះពុទ្ធ ជាអ្នកដឹងខ្លួន មានស្មារតីមាំ រឹងប៉ឹងដោយកម្លាំងឫទ្ធិ ឡើង (ភ្នំ) ក្នុងបច្ឆិមវ័យនោះបាន។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចំរើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ មានភ័យដ៏ពន្លឹកលះចោលហើយ។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចំរើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ កាលពួកសត្វក្ដៅក្រហាយ លោកក៏ជាបុគ្គលត្រជាក់។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចំរើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ មានកិច្ចធ្វើហើយ មិនមានអាសវៈ។ ចំណែកផែនដី ដែលផ្សាយទៅដោយក្លិន នៃផ្កាក្ទម្ព ជាទីត្រេកអរនៃចិត្ត សម្រែកនៃដំរីជាទីត្រេកអរ ភ្នំទាំងឡាយនោះ រមែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំទាំងនោះ មានពណ៌ដូចពពកខៀវដ៏រុងរឿង មានទឹកត្រជាក់ ទ្រទ្រង់នូវវត្ថុដ៏ស្អាត ដេរដាសដោយភ្លៀង តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។
ID: 636866966167305276
ទៅកាន់ទំព័រ៖