ព្រះត្រៃបិដក ភាគ ៥៧
ភ្នំទាំងនោះ ប្រាកដស្មើដោយកំពូលពពកដ៏ខៀវ ឧបមាដូចផ្ទះមានកំពូលដ៏ប្រសើរ មានសម្រែកនៃដំរី ជាទីត្រេកអរ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំថ្មទាំងនោះ ដែលភ្លៀងបន្ទរហើយ មានផ្ទៃជាទីត្រេកអរ ដែលឥសីទាំងឡាយ ធ្លាប់អាស្រ័យនៅហើយ ដែលពួកសត្វក្ងោកស្រែកយំហើយ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ (ភ្នំទាំងឡាយ) គួរដល់ខ្ញុំ ដែលប្រាថ្នាដើម្បីចំរើនឈាន មានចិត្តស្លុងទៅរកព្រះនិព្វាន គួរដល់ខ្ញុំដែលប្រាថ្នាប្រយោជន៍ ជាភិក្ខុមានចិត្តស្លុងទៅរកព្រះនិព្វាន គួរដល់ខ្ញុំដែលប្រាថ្នារកសេចក្ដីស្រួល មានចិត្តស្លុងទៅរកព្រះនិព្វាន ជាអ្នកសិក្សា គួរដល់ខ្ញុំដែលប្រាថ្នាព្យាយាម មានចិត្តស្លុងទៅរកព្រះនិព្វាន ជាតាទិបុគ្គល។ ភ្នំទាំងនោះដ៏ដេរដាស ដោយផ្កាកណិការ រីកព្រោងព្រាត ដូចផ្ទៃមេឃ ដេរដាសដោយពួកបក្សីផ្សេង ៗ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំទាំងឡាយនោះ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ មានតែពួកម្រឹគនៅអាស្រ័យ ដេរដាសដោយពួកបក្សីផ្សេង ៗ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំទាំងនោះ មានទឹកថ្លា មានថ្មក្រាស់ ប្រកបដោយពួកម្រឹគ មានកន្ទុយដូចគោ ដេរដាសដោយទឹក និងសារាយ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។
ID: 636866985022043706
ទៅកាន់ទំព័រ៖