ព្រះត្រៃបិដក ភាគ ៥៧
សេចក្ដីត្រេកអរ (នៃខ្ញុំ) ដោយសារតូរ្យតន្រ្ដីប្រកបដោយអង្គ ៥ ប្រាកដដូច្នោះ មិនមានឡើយ ដូច (ការមិនមានសេចក្ដីត្រេកអរ) នៃព្រះយោគី ដែលមានចិត្ត មានអារម្មណ៍មូលតែមួយ ឃើញច្បាស់នូវធម៌ដោយប្រពៃ។
បុគ្គលមិនត្រូវធ្វើការងារឲ្យច្រើន ត្រូវវៀរជន (មិនមែនជាកល្យាណមិត្ត) មិនត្រូវខ្នះខ្នែង (ដើម្បីបច្ច័យ) បុគ្គលណាជាអ្នកល្មោភក្នុងរសមានចម្ងាញ់ បុគ្គលនោះ ជាអ្នកខ្នះខ្នែងជាប់ចិត្តក្នុងរស រមែងខូចបង់ប្រយោជន៍ បុគ្គលមិនត្រូវធ្វើការងារឲ្យច្រើន ត្រូវវៀរចាកជន (មិនមែនជាកល្យាណមិត្ត ព្រោះ) ការងារនុ៎ះ មិនមែនជាប្រយោជន៍ កាយរមែងលំបាកនឿយព្រួយ បុគ្គលអ្នកដល់នូវសេចក្ដីនឿយព្រួយនោះ រមែងមិនបាននូវសេចក្ដីស្ងប់រម្ងាប់ឡើយ។
បុគ្គលមិនពិចារណាឃើញខ្លួនឯង ដោយត្រឹមតែរលាស់បបូរមាត់ (ស្វាធ្យាយពុទ្ធវចនៈ) បុគ្គលប្រព្រឹត្តរឹងរូស តែងសំគាល់ថា អាត្មាអញប្រសើរ។ បុគ្គលពាល មិនប្រសើរ តែងសំគាល់ខ្លួន ថាស្មើនឹងបុគ្គលប្រសើរ អ្នកប្រាជ្ញទាំងឡាយ មិនសរសើរជនអ្នកមានចិត្តរឹងរូសនោះឡើយ។ បុគ្គលណា មិនញាប់ញ័រក្នុងមានះ (ទាំង ៩ ណាមួយ) ដោយចិត្តកើតឡើងថា អញជាមនុស្សប្រសើរ ឬថាអញជាមនុស្សមិនប្រសើរ អញជាមនុស្សថោក ឬថាអញជាមនុស្សប្រហែលនឹងគេ។
ID: 636866985280298477
ទៅកាន់ទំព័រ៖