ព្រះត្រៃបិដក ភាគ ៥៧
កាលណាហ្ន៎ អាត្មាអញនឹងបានប្រកបដោយសមថៈទាំងឡាយ ហើយបានឃើញដោយបញ្ញា នូវរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ទាំងឡាយ កំណត់មិនបាន ថាជារបស់ដែលភ្លើងឆេះហើយ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញត្រូវគេពោលពាក្យអាក្រក់មករក មិនគប្បីទោមនស្សព្រោះសម្ដីនោះជាហេតុ ឬថាទោះបីគេសរសើរ ក៏មិនត្រេកអរព្រោះការសរសើរនោះជាហេតុ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញនឹងពិចារណាឃើញនូវកំណាត់ឈើទាំងឡាយផង ស្មៅទាំងឡាយផង វល្លិ៍ទាំងឡាយផង ខន្ធ ៥ ទាំងឡាយនេះផង ធម៌ទាំងឡាយ ទាំងខាងក្នុង ខាងក្រៅ មានប្រមាណមិនបានផង ឲ្យស្មើ ៗ គ្នា (ដោយសេចក្ដីមិនទៀងជាដើម និងមិនមានខ្លឹមសារ) បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ ភ្លៀងពុំជួកាល មានទឹកថ្មីត្រជាក់ បង្អុរធ្លាក់មកត្រូវលើអាត្មាអញ ព្រមទាំងចីវរ ដែលកំពុងដើរក្នុងផ្លូវ ដែលពួកលោកអ្នកស្វែងរកគុណធំ (មានព្រះពុទ្ធជាដើម) ត្រាច់ទៅក្នុងព្រៃ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។
ID: 636866986662397528
ទៅកាន់ទំព័រ៖