ព្រះត្រៃបិដក ភាគ ៥៧
អ្នកចូរជាបុគ្គលប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ប្រព្រឹត្តនៅក្នុងព្រៃស្មសាន ទ្រទ្រង់សំពត់បង្សុកូល ប្រព្រឹត្តអង្គុយ (មិនដេក) ត្រេកអរក្នុងធុតង្គគុណ សព្វកាល ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលជាដំបូង ដោយប្រការដូច្នេះ។ បុរសអ្នកស្វែងរកផ្លែឈើ ដាំដើមឈើទាំងឡាយ ហើយប្រាថ្នាដើម្បីកាប់នូវដើមឈើនោះ ត្រង់គល់ មានឧបមាដូចម្ដេចមិញ ម្នាលចិត្ត អ្នកធ្វើហេតុនេះ ក៏មានឧបមេយ្យដូច្នោះ អ្នកប្រកបយើងក្នុងសេចក្ដីញាប់ញ័រ មិនទៀងទាត់។ ម្នាលអរូប (ចិត្ត) ទៅកាន់ទីឆ្ងាយ ត្រាច់ទៅតែម្នាក់ឯង ឥឡូវនេះ យើងលែងធ្វើតាមសំដីអ្នកហើយ ព្រោះថាកាមទាំងឡាយ ជាទុក្ខ ក្ដៅផ្សា មានភ័យធំ យើងនឹងមានចិត្តឧទ្ទិសទៅរកព្រះនិព្វានហើយ។ យើងមិនមែនចេញបួស ព្រោះតែឥតបុណ្យ ព្រោះតែឥតសេចក្ដីអៀនខ្មាស ព្រោះហេតុតែលុះក្នុងអំណាចរបស់ចិត្ត ព្រោះហេតុតែដើរផ្លូវឆ្ងាយ ឬព្រោះហេតុតែការចិញ្ចឹមជីវិតទេ ម្នាលចិត្ត ការប្ដេជ្ញា យើងបានធ្វើដល់អ្នកហើយ។ ភាពជាបុគ្គលប្រាថ្នាតិច ការលះបង់នូវសេចក្ដីលុបគុណគេ ការរម្ងាប់នូវទុក្ខ (ទាំងនេះ) សប្បុរសទាំងឡាយ (មានព្រះពុទ្ធជាដើម) សរសើរហើយ
ID: 636866987527667019
ទៅកាន់ទំព័រ៖