ព្រះត្រៃបិដក ភាគ ៥៧
ម្នាលចិត្ត អ្នកបានប្រកបយើងក្នុងកាលនោះ ដោយប្រការដូច្នេះ ឥឡូវនេះ អ្នកដល់នូវ (សេចក្ដីប្រាថ្នាធំ) ដែលខ្លួនធ្លាប់ប្រព្រឹត្តមកហើយ។ តណ្ហា អវិជ្ជា សេចក្ដីស្រឡាញ់ សេចក្ដីមិនស្រឡាញ់ រូបទាំងឡាយដ៏ល្អ សុខវេទនាទាំងឡាយ និងកាមគុណទាំងឡាយ ជាទីពេញចិត្ត (ទាំងនេះ) យើងលះបង់អស់ហើយ យើងមិនអាចនៅគ្រប់គ្រងកិលេសធម៌ ដែលយើងលះបង់អស់ហើយទេ។ ម្នាលចិត្ត យើងបានធ្វើតាមពាក្យអ្នកគ្រប់ជាតិទាំងឡាយច្រើនហើយ អ្នកតាមយើងមិនទាន់ទេ ការច្រឡូកច្រឡំខាងក្នុង អ្នកបានធ្វើឲ្យកក្រើក ព្រោះតែអ្នកដឹងគុណ ដែលអ្នកដទៃធ្វើហើយ អ្នកធ្វើឲ្យយើងត្រាច់ទៅក្នុងសង្សារទុក្ខ អស់កាលយូរហើយ។ ម្នាលចិត្ត អ្នកធ្វើយើងឲ្យជាព្រាហ្មណ៍ អ្នកធ្វើយើងឲ្យជាខត្តិយៈ ជាស្ដេច ជាឥសី ជួនណាយើងកើតជាវេស្សៈ ឬជាសុទ្ទៈ មួយទៀត អ្នកធ្វើនូវភាពជាទេវតា (ដល់យើង) ព្រោះហេតុតែអ្នក។ យើងជាអសុរ ព្រោះហេតុតែអ្នក យើងជាសត្វនរក ក៏ព្រោះអ្នកជាហេតុ មួយវិញទៀត ជួនកាលយើងកើតជាតិរច្ឆាន
ID: 636866987689406270
ទៅកាន់ទំព័រ៖