ព្រះត្រៃបិដក ភាគ ៥៧
ពួកបុគ្គលដូចយើង មិនមែនជាអ្នកទ្រទ្រង់នូវសេចក្ដីវិនាសឡើយ។ ភ្នំ សមុទ្រ ស្ទឹង ផែនដី ទិសធំទាំង ៤ ទិសតូច ទិសខាងក្រោម ភព ៣ ទាំងអស់ ជារបស់មិនទៀង ត្រូវ រាគាទិក្កិលេសបៀតបៀនហើយ ម្នាលចិត្ត អ្នកទៅក្នុងទីណា នឹងត្រេកអរសប្បាយបាន។ ម្នាលចិត្ត ថ្វឺយ ៗ អ្នកនឹងធ្វើអំពើអ្វីដទៃទៀតដល់យើង ម្នាលចិត្ត យើងមិនគួរប្រព្រឹត្តទៅតាមអំណាចអ្នកឡើយ (ដូច) បុគ្គលមិនហ៊ានពាល់ទៃ ដែលមានមាត់ទាំងពីរខាង ថ្វឺយ (រូបនេះ) សឹងពេញ (ដោយរបស់មិនស្អាត) សម្រាប់ហូរចេញនូវវត្ថុមិនស្អាត តាមមុខដំបៅទាំង ៩។ អ្នកនៅក្នុងផ្ទះ គឺគុហា ត្រេកអរក្នុងញកភ្នំ កំពូលភ្នំ ជាទីដ៏ល្អតាមប្រក្រតី មានព្រៃដែលទឹកភ្លៀងថ្មីធ្លាក់ចុះ ជាទីដែលពួកជ្រូក និងទ្រាយ ចុះឡើងអាស្រ័យនៅហើយនោះ។ ហ្វូងបក្សី (ក្ងោក) មានកខៀវល្អ មានសិរល្អ មានតួស្លាបល្អ មានរោមស្លាបដ៏វិចិត្រល្អ មានសំឡេងស្រែកយំឮសូរពីរោះក្រៃលែងនោះ នឹងត្រេកអរចំពោះអ្នកចំរើនឈានក្នុងព្រៃ (នោះឯង)។
ID: 636866988036776138
ទៅកាន់ទំព័រ៖