ព្រះត្រៃបិដក ភាគ ៥៧

​ផ្គរលាន់​ក្នុង​អាកាស​ ​ទទឹកភ្លៀង​ពាសពេញ​ដោយ​ជុំវិញ​ឰដ៏​អាកាស​ ​ក្នុង​កាលណា​ ​កាលនោះ​ ​ភិក្ខុ​ចូល​ទៅ​នៅក្នុង​ញកភ្នំ​ ​ចំរើន​ឈាន​ ​រមែង​មិនបាន​នូវ​សេចក្តី​ត្រេកអរ​ជាង​ឈាន​នោះ​ឡើយ​។​ ​ភិក្ខុ​អង្គុយ​ក្បែរ​ឆ្នេរ​ស្ទឹង​ទាំងឡាយ​ ​ដ៏​ដេរដាស​ដោយ​ផ្កា​ ​មាន​ផ្កាឈើ​ក្នុង​ព្រៃ​ដ៏​វិចិត្រ​ ​ជា​គ្រឿងប្រដាប់​ ​មានចិត្តល្អ​ ​ចំរើន​ឈាន​ ​ក្នុង​កាលណា​ ​កាលនោះ​ ​រមែង​មិនបាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ជាង​ឈាន​នោះ​ឡើយ​។​ ​កាលបើ​ភ្លៀង​ធ្លាក់ចុះ​ក្នុង​ព្រៃ​ស្ងាត់​ ​ពេលយប់​ ​ពួក​សត្វ​មាន​ចង្កូម​ ​បន្លឺ​ឡើង​ ​ចំណែក​ភិក្ខុ​ចូល​ទៅកាន់​ញកភ្នំ​ ​ហើយ​ចំរើន​ឈាន​ ​ក្នុង​កាលណា​ ​កាលនោះ​ ​រមែង​មិនបាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ ​ជាង​ឈាន​នោះ​ឡើយ​។​ ​ភិក្ខុ​អាស្រ័យ​នៅចន្លោះ​ភ្នំ​ ​ក្នុង​កណ្តាល​នៃ​ភ្នំ​ ​បិទ​នូវ​វិតក្កៈ​ទាំងឡាយ​របស់​ខ្លួន​ ​ប្រាសចាក​សេចក្តី​ខ្វល់​ ​ប្រាសចាក​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត​ ​ហើយ​ចំរើន​ឈាន​ ​ក្នុង​កាលណា​ ​កាលនោះ​ ​រមែង​មិនបាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ជាង​ឈាន​នោះ​ឡើយ​។​ ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636866929181169790
ទៅកាន់ទំព័រ៖