ព្រះត្រៃបិដក ភាគ ៥៧
ព្រះសាស្ដា ខ្ញុំបំរើហើយ។បេ។ តណ្ហា ដែលជាធម្មជាតិនាំសត្វទៅកាន់ភព ខ្ញុំបានដកហើយ។ កុលបុត្រ ចេញចាកផ្ទះហើយទៅបួស ក្នុងសំណាក់បុគ្គលមិនមានផ្ទះ ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាគ្រឿងអស់សំយោជនៈគ្រប់យ៉ាងនោះ ក៏ខ្ញុំបានសម្រេចហើយ។ ទុស្សីមារ បៀតបៀននូវព្រាហ្មណ៍ គឺអគ្គសាវ័កឈ្មោះ វិធូរៈផង នូវព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកក្កុសន្ធៈផង ហើយឆេះនៅក្នុងនរកណា នរកនោះ ដូចម្ដេចទៅ។ ទុស្សីមារ បៀតបៀននូវព្រាហ្មណ៍ គឺសាវ័កឈ្មោះ វិធូរៈផង នូវព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកក្កុសន្ធៈផង ហើយឆេះនៅក្នុងនរកណា នរកនោះ ប្រាកដដូច្នេះ គឺកង្វារដែក ១០០ កើតវេទនាផ្សេង ៗ គ្នា គ្រប់យ៉ាង។ ភិក្ខុណាជាសាវ័ករបស់ព្រះពុទ្ធ ដឹងជាក់លាក់នូវផលនៃកម្មនោះ ម្នាលមារមានចិត្តខ្មៅ អ្នកបៀតបៀននូវភិក្ខុបែបនោះហើយ នឹងដល់នូវសេចក្ដីទុក្ខមិនខាន។ វិមានទាំងឡាយណា តាំងនៅអស់មួយកប្ប ឋិតនៅក្នុងកណ្ដាលសាគរ មានពណ៌ដូចជាកែវពិទូរ្យដ៏រុងរឿង មានពន្លឺភ្លឺផ្លេក មានពួកស្រីអប្សរដ៏ច្រើនមានវណ្ណៈផ្សេង ៗ រាំក្នុងវិមានទាំងនោះ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។
ID: 636866991155794536
ទៅកាន់ទំព័រ៖