ព្រះត្រៃបិដក ភាគ ៥៧
បពិត្រលោកនិទ៌ុក្ខ សេចក្ដីយល់ណារបស់ខ្ញុំ ដែលមានហើយ ក្នុងកាលពីដើម សេចក្ដីយល់របស់ខ្ញុំនោះ មិនមានទេ។ ខ្ញុំឃើញពន្លឺរស្មី (របស់ព្រះមានបុណ្យ និងសាវ័ក) គ្របសង្កត់ក្នុងព្រហ្មលោក ខ្ញុំនោះនឹងលះបង់នូវពាក្យរបស់ខ្ញុំ ដែលយល់ឃើញថា អាត្មាអញជាបុគ្គលទៀងទាត់ (នោះ) ក្នុងថ្ងៃនេះហើយ។ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ភិក្ខុណាបានឃើញកំពូលភ្នំមហាសិនេរុផង ឃើញជម្ពូទ្វីបផង ឃើញបុព្វវិទេហទ្វីបផង ឃើញពួកមនុស្សដេកលើផែនដី (នៅក្នុងអបរគោយានទ្វីប និងឧត្តរកុរុទ្វីប) ផង ដោយឈានវិមោក្ខ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ធម្មតាភ្លើងមិនដែលគិតថា អញនឹងឆេះរលាកមនុស្សពាលទេ តែប្រសិនជាមនុស្សពាលពាល់ភ្លើងដែលឆេះហើយ (ភ្លើង) ក៏ឆេះរលាកនូវបុគ្គលពាលនោះឯង ម្នាលមារ អ្នកបៀតបៀននូវព្រះតថាគតនោះ មុខជានឹងឆេះរលាកខ្លួនឯងវិញ ដូចមនុស្សពាលពាល់ភ្លើង យ៉ាងនោះដែរ។ ម្នាលមារមានចិត្តបាប មារឯង បៀតបៀននូវព្រះតថាគតនោះ មុខជានឹងបានសោយបាប អ្នកសំគាល់ថា បាបនឹងមិនឲ្យផលដល់អញឬអ្វី។
ID: 636866991514925077
ទៅកាន់ទំព័រ៖