ព្រះត្រៃបិដក ភាគ ៥៧

ថេរគាថា​ ​មហា​និបាត​


 [​២៦៥​]​ ​វិតក្កៈ​ទាំងឡាយ​នេះ​ ​ជាស​ភាវៈ​ឃ្នើសឃ្នង​ ​ព្រោះ​ជា​របស់​លាមក​ ​តែង​គ្រប​សង្កត់​អាត្មាអញ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ ​(​ដូច​)​ ​ពួក​ខ្មាន់ធ្នូ​ដ៏​ប្រសើរ​ ​ជា​កូន​អ្នក​ខ្ពង់ខ្ពស់​ ​សិក្សា​ស្ទាត់​ហើយ​ ​មាន​ធ្នូ​ដ៏​មាំ​ ​គប្បី​បាញ់​ប្រសាច​នូវ​ព្រួញ​ ​ទាំង​ពាន់​ជុំវិញ​ខ្លួន​ ​(​សត្រូវ​)​ ​មិន​ឲ្យ​រត់​រួច​បាន​។​ ​បើ​ពួក​ស្រី​ប៉ុណ្ណេះ​ ​(​ឬ​)​ ​លើស​ជាង​នេះ​ ​នឹង​មក​ ​ក៏​គង់​បៀតបៀន​អាត្មាអញ​មិនបាន​ ​(​ព្រោះ​)​ ​អាត្មាអញ​បាន​តាំង​មាំ​នៅក្នុង​ធម៌​ទាំងឡាយ​ហើយ​។​ ​ព្រះពុទ្ធដីកា​របស់​ព្រះពុទ្ធ​ ​ជា​អាទិច្ចពន្ធុ​ ​អាត្មាអញ​បាន​ស្ដាប់​ម្ដង​ហើយ​ ​ចិត្ត​របស់​អាត្មាអញ​ត្រេកអរ​ក្នុង​ផ្លូវ​ជាទី​ទៅកាន់​ព្រះនិព្វាន​នោះ​ហើយ​។​ ​ម្នាល​មារ​លាមក​ ​បើ​អ្នក​ចូល​មក​បំបាក់​យើង​ ​ដែល​កំពុង​ចុះចិត្តស៊ប់​ក្នុង​វិបស្សនា​យ៉ាងនេះ​ ​អ្នក​មិនបាន​ឃើញ​ផ្លូវ​របស់​យើង​ ​យ៉ាងណា​ ​យើង​នឹង​ធ្វើ​អ្នកឲ្យ​ដល់​នូវ​សេចក្ដីស្លាប់​ ​យ៉ាងនោះ​ដែរ​។​ ​
 បុគ្គល​ណា​ ​លះបង់​នូវ​សេចក្ដី​អផ្សុក​ ​នូវ​សេចក្ដីត្រេកអរ​ ​នូវ​សេចក្ដី​ត្រិះរិះ​ ​ដែល​អាស្រ័យ​នូវ​ផ្ទះ​ ​ដោយ​ប្រការ​ទាំងពួង​ ​មិន​ធ្វើ​នូវ​សេចក្ដីប្រាថ្នា​ក្នុង​វត្ថុ​ណាមួយ​ ​ជា​អ្នក​មិន​មាន​សេចក្ដីប្រាថ្នា​ ​ព្រោះ​មិន​មាន​សេចក្ដីប្រាថ្នា​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ភិក្ខុ​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636866992181393197
ទៅកាន់ទំព័រ៖