ព្រះត្រៃបិដក ភាគ ៥៧
ក្នុងលោកនេះ វត្ថុណាមួយ នៅលើផែនដីក្ដី លើអាកាសក្ដី ដែលរាប់ចូលក្នុងភព ៣ មានសភាវៈវិនាសទៅ វត្ថុទាំងអស់នោះ ជារបស់មិនទៀង រមែងទ្រុឌទ្រោមទៅ អ្នកប្រាជ្ញទាំងឡាយ រមែងយល់ច្បាស់យ៉ាងនេះ។ ពួកជនរមែងជាប់ចំពាក់ក្នុងឧបធិ គឺរូប និងសំឡេង ដែលឃើញហើយ ឮហើយផង គឺក្លិន រស និងផោដ្ឋព្វៈ ដែលទង្គិចហើយ ប៉ះពាល់ហើយផង អ្នកចូរជាបុគ្គលមិនមានសេចក្ដីញាប់ញ័រ បន្ទោបង់នូវសេចក្ដីប្រាថ្នា ក្នុងកាមទាំងនោះចេញ ព្រោះបុគ្គលណា មិនជាប់ក្នុងកាមគុណនុ៎ះ ពួកអ្នកប្រាជ្ញទើបហៅបុគ្គលនោះ ថាជាមុនី។ បុគ្គលអន្ធពាល មានវិតក្កៈ អាស្រ័យនូវទិដ្ឋិ ៦៨ រមែងជាអ្នកតាំងនៅមាំហើយក្នុងអធម៌ ព្រោះតែខ្លួនជាបុថុជ្ជន បុគ្គលណាមិនលុះក្នុងពួកនៃមិច្ឆាទិដ្ឋិ ក្នុងវត្ថុណាមួយ ទាំងជាអ្នកមិននិយាយអាក្រក់ បុគ្គលនោះ ឈ្មោះថាភិក្ខុ។ អ្នកប្រាជ្ញមានចិត្តតម្កល់មាំ អស់កាលយូរហើយ ជាអ្នកមិនកុហក មានប្រាជ្ញាល្អិត មិនមានតណ្ហា ជាអ្នកបរិបូណ៌ដោយមោនេយ្យធម៌ រំលត់កិលេស ហើយបានសម្រេចនូវសន្ដបទ ព្រោះអាស្រ័យ (ព្រះនិព្វាន) រង់ចាំតែបរិនិព្វានកាល។
ID: 636866994222489941
ទៅកាន់ទំព័រ៖