ព្រះត្រៃបិដក ភាគ ៥៧
សារីបុត្រ ជាបុគ្គលមានប្រាជ្ញាជ្រាលជ្រៅ ជាអ្នកប្រាជ្ញ យល់ផ្លូវ និងមិនមែនផ្លូវ មានប្រាជ្ញាច្រើន រមែងសំដែងធម៌ដល់ពួកភិក្ខុ។ សារីបុត្រសំដែងធម៌ ដោយសង្ខេបក៏បាន សំដែងដោយពិស្ដារក៏បាន លោកមានសំឡេងគឹកកងពីរោះ ដូចសំឡេងសាលិកា ទាំងមានបដិភាណផុសផុល។ កាលសារីបុត្រកំពុងសំដែងធម៌នោះ ពួកភិក្ខុកំពុងស្ដាប់សំឡេងដ៏ពីរោះ ក៏មានចិត្តអណ្ដែតអណ្ដូង ត្រេកអរ ផ្ចង់សោតប្រសាទ ទៅរកសំឡេង ដែលគួរត្រេកអរ គួរចង់ស្ដាប់ គួរប្រាថ្នា។
ពួកភិក្ខុ ៥០០ រូប ជាអ្នកផ្ដាច់បង់នូវចំណង គឺសំយោជនៈ ជាអ្នកមិនមានទុក្ខ មានភពថ្មីអស់ហើយ ជាអ្នកស្វែងរកគុណ បានមកជួបជុំគ្នា ដើម្បីវិសុទ្ធិ បវារណាក្នុងថ្ងៃ ១៥ នេះ។ ព្រះរាជាចក្រពត្តិ មានអាមាត្យចោមរោម យាងប្រទក្សិណផែនដីដែលមានសាគរជាទីបំផុតនេះ ដោយជុំវិញ យ៉ាងណា។ ពួកសាវ័កមាន វិជ្ជា ៣ អ្នកបំផ្លាញនូវមច្ចុរាជ រមែងអង្គុយជិត (ព្រះសាស្ដា) ព្រះអង្គជាបុគ្គលប្រសើរលើសលុប ឈ្នះសង្គា្រម គឺកិលេស អ្នកដឹកនាំនូវពួកក្រុម ក៏យ៉ាងនោះដែរ។ ពួកសាវ័កទាំងអស់ ជាបុត្រនៃព្រះមានព្រះភាគ សភាវៈសោះសូន្យ ក្នុងពួកនោះ មិនមានឡើយ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ចំពោះព្រះសាស្ដា ជាផៅពង្សនៃព្រះអាទិត្យ ព្រះអង្គជាអ្នកបំផ្លាញនូវសរ គឺតណ្ហា។
ID: 636866994933750623
ទៅកាន់ទំព័រ៖