ព្រះត្រៃបិដក ភាគ ៥៧
ខ្ញុំព្រះអង្គសូមទូលសួរព្រះសាស្ដា ជាបុគ្គលមានប្រាជ្ញាមិនថោកថយ ភិក្ខុណា បានផ្ដាច់បង់វិចិកិច្ឆា ក្នុងអត្តភាពនេះ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ សម្បូរដោយយស មានចិត្តរំលត់ក្ដៅក្រហាយ បានធ្វើមរណកាល ក្នុងអគាឡវចេតិយ។ បពិត្រព្រះមានព្រះភាគ នាមនៃភិក្ខុជាព្រាហ្មណ៍នោះ ព្រះអង្គឲ្យឈ្មោះថា និគ្រោធកប្បៈ លោកនោះ មានព្យាយាមតឹងតែង ជាអ្នកយល់ឃើញធម៌មុតមាំ ប្រាថ្នានូវព្រះនិព្វាន បានប្រព្រឹត្តនមស្ការព្រះអង្គ។ បពិត្រព្រះអង្គជាសក្កៈ មានចក្ខុជុំវិញ យើងខ្ញុំទាំងអស់គ្នា ប្រាថ្នាចង់ដឹងសាវ័កនោះ យើងខ្ញុំប្រុងសោតៈដើម្បីស្ដាប់ ព្រះអង្គជាសាស្ដារបស់យើងខ្ញុំ ព្រះអង្គជាបុគ្គលប្រសើរបំផុត។ សូមព្រះអង្គ ទ្រង់កាត់សេចក្ដីសង្ស័យរបស់យើងខ្ញុំ សូមព្រះអង្គប្រាប់នូវសាវ័កនោះ បពិត្រព្រះអង្គមានបញ្ញាដូចផែនដី មានចក្ខុជុំវិញ ព្រះអង្គទ្រង់ជា្របនូវព្រាហ្មណ៍ដែលបរិនិព្វានហើយ សូមសំដែងក្នុងកណ្តាលនៃពួកយើងខ្ញុំ ដូចជាសក្កទេវរាជ មានព្រះនេត្រមួយពាន់ (សំដែងក្នុងកណ្ដាល) នៃទេវតាទាំងឡាយ។
ID: 636866996425675956
ទៅកាន់ទំព័រ៖