ព្រះត្រៃបិដក ភាគ ៥៧
ថេរគាថា ទសកនិបាត
[២៣៤] បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឈើមានពណ៌ដូចរងើកភ្លើង ជិតផ្លែហើយ ជម្រុះស្លឹកចាស់ចោល ឈើទាំងនោះរុងរឿង ដូចជាអណ្តាតភ្លើង បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះ ជាកាលគួរបានចំណែកធម្មរសហើយ។ ឈើទាំងឡាយ ជាទីរីករាយនៃចិត្ត មានផ្លែ ផ្សាយក្លិនសព្វទិសដោយជុំវិញ ជម្រុះស្លឹកចាស់ចោល ប្រុងនឹងចេញផ្លែថ្មីទៀត បពិត្រព្រះអង្គមានព្យាយាម កាលនេះ ជាកាលគួរដើម្បីចេញទៅអំពីទីនេះ។ បពិត្រព្រះអង្គដ៏ចំរើន រដូវដែលមិនត្រជាក់ពេក មិនក្តៅពេក ជាសុខស្រួល គួរដើរទៅកាន់ផ្លូវឆ្ងាយបាន ពួកសក្យៈ និងពួកកោឡិយៈ សូមជួបព្រះអង្គ ដែលមានព្រះភក្រ្តបែរត្រឡប់មកខាងក្រោយ កំពុងឆ្លងស្ទឹងរោហិណី។
អ្នកស្រែ ភ្ជួរស្រែដោយសេចក្តីប្រាថ្នា ក៏ព្រោះពូជដោយសេចក្តីប្រាថ្នា ពួកឈ្មួញ អ្នករកទ្រព្យ ឆ្លងសមុទ្រដោយសេចក្តីប្រាថ្នា។ ខ្ញុំព្រះអង្គ ឋិតនៅដោយសេចក្តីប្រាថ្នាណា សេចក្តីប្រាថ្នារបស់ខ្ញុំព្រះអង្គនោះ សូមឲ្យសម្រេច។
ID: 636866929703229650
ទៅកាន់ទំព័រ៖