ព្រះត្រៃបិដក ភាគ ៥៧
គន្ថៈទាំងឡាយ (មានអភិជ្ឈាគន្ថៈជាដើម) ណាមួយ ជាផ្លូវនាំឲ្យវង្វេង ជាបក្ខពួកនៃការមិនដឹង ជាទីតាំងនៃសេចក្ដីសង្ស័យ ក្នុងលោកនេះ គន្ថៈទាំងនោះ មកប៉ះនឹងព្រះតថាគតហើយ រមែងមិនកើតឡើយ ព្រោះបញ្ញាចក្ខុរបស់ព្រះអង្គនុ៎ះ ឧត្តមជាងជនទាំងឡាយ។ ប្រសិនបើបុរស (ព្រះមានព្រះភាគ) មិនកំចាត់បង់នូវកិលេសទាំងឡាយ ដូចជាខ្យល់កំចាត់នូវដុំនៃពពកទេ លោកទាំងមូល ដែលអវិជ្ជារួបរឹតហើយ សមនឹងងងឹតដោយពិត សូម្បីអ្នកមានពន្លឺ គឺបញ្ញាក៏មិនអាចបំភ្លឺបាន។ អ្នកប្រាជ្ញទាំងឡាយ ជាអ្នកធ្វើពន្លឺ ខ្ញុំព្រះអង្គសំគាល់ព្រះអង្គនោះ ថាជាអ្នកប្រាជ្ញ យ៉ាងនោះដែរ យើងខ្ញុំដឹង (នូវធម៌ទាំងអស់) របស់ជនអ្នកចេះដឹងទាំងឡាយ ទើបបានចូលមកជិត សូមព្រះអង្គសំដែងប្រាប់នូវនិគ្រោធកប្បត្ថេរ (ជាឧបជ្ឈាយ) ឲ្យច្បាស់លាស់ ដល់យើងខ្ញុំ ក្នុងកណ្ដាលបរិស័ទ។ បពិត្រព្រះអង្គមានព្រះសូរសៀងពីរោះ សូមព្រះអង្គបញ្ចេញឆាប់ ៗ នូវព្រះពុទ្ធដីកាដ៏ពីរោះ ដោយព្រះសូរសៀងមូល ដែលបច្ច័យតាក់តែងល្អហើយ ដូចហង្សដកក ហើយស្រែកតិច ៗ ពួកយើងខ្ញុំទាំងអស់គ្នានោះ មានចិត្តត្រង់ ប្រុងចាំស្ដាប់។
ID: 636866996616496870
ទៅកាន់ទំព័រ៖