ព្រះត្រៃបិដក ភាគ ៥៧
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) និគ្រោធកប្បភិក្ខុ បានផ្ដាច់បង់នូវសេចក្ដីប្រាថ្នា ក្នុងនាមរូបនេះអស់ហើយ បានផ្ដាច់បង់នូវខ្សែនៃសេចក្ដីប្រាថ្នា ជាទីដេកនៅរឿយ ៗ ក្នុងសន្ដាន អស់រាត្រីកាលដ៏វែង ទាំងបានឆ្លងចាកជាតិ និងមរណៈ ឥតមានសេសសល់ ព្រះមានព្រះភាគ ប្រសើរដោយឥន្ទ្រិយ ៥ (មានសទ្ធិន្រ្ទិយជាដើម) បានត្រាស់ហើយយ៉ាងនេះ។
បពិត្រព្រះអង្គជាឥសីគំរប់ ៧ ខ្ញុំព្រះអង្គនេះ បានឮព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ជ្រះថ្លា ឯកិច្ចការដែលខ្ញុំព្រះអង្គសួរហើយ មិនសោះសូន្យទេ ព្រះខីណាសវព្រាហ្មណ៍ មិនបញ្ឆោតខ្ញុំព្រះអង្គ។ សាវ័ករបស់ព្រះពុទ្ធ ពោលយ៉ាងណា ធ្វើយ៉ាងនោះ បានផ្ដាច់នូវសំណាញ់ដ៏មាំ ដែលមច្ចុអ្នកមានមាយាផ្សាយទៅហើយ។ ព្រះមានព្រះភាគ ទ្រង់គួរបានទតឃើញច្បាស់ នូវខាងដើមនៃឧបាទាន កប្បត្ថេរបានកន្លងនូវលំនៅនៃមច្ចុរាជ ដែលគេឆ្លងបានដោយកម្រ។ បពិត្រព្រះអង្គឧត្តមជាងសត្វជើងពីរ ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំនិគ្រោធកប្បត្ថេរនោះ ជាបុត្ររបស់ព្រះអង្គ ដែលទុកដូចជាទេវតា ឧត្តមជាងទេវតា ជាអនុជាតបុត្ត មានព្យាយាមធំ ជាបុគ្គលមិនធ្វើបាប ជាឱរសនៃព្រះពុទ្ធនាគ។ ឮថា វង្គីសត្ថេរមានអាយុ បានសំដែងគាថាទាំងឡាយ ដោយប្រការដូច្នេះ។
ចប់ មហានិបាត។
ID: 636866997151467469
ទៅកាន់ទំព័រ៖