ព្រះត្រៃបិដក ភាគ ៥៧

 [​២៧៣​]​ ​ម្នាល​នាង​មិត្តា​ ​នាង​បួស​ដោយ​សទ្ធា​ហើយ​ ​ចូរ​ជា​អ្នក​ត្រេកអរ​ក្នុង​កល្យាណមិត្ត​ ​ចូរ​ចំរើន​នូវ​កុសលធម៌​ទាំងឡាយ​ ​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​។​

​មិត្តា​ថេរី​។​


 [​២៧៤​]​ ​ម្នាល​នាង​ភទ្រា​ ​នាង​បួស​ដោយ​សទ្ធា​ហើយ​ ​ចូរ​ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌​ដ៏​ចំរើន​ ​(​មាន​សីល​ជាដើម​)​ ​នាង​ចូរ​ចំរើន​នូវ​កុសលធម៌​ទាំងឡាយ​ ​(​ដើម្បី​ដល់​)​ ​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​បំផុត​។​ ​

​ភទ្រា​ថេរី​។​


 [​២៧៥​]​ ​ម្នាលនាង​ឧប​សមា​ ​នាង​គប្បី​ឆ្លង​អន្លង់​ ​គឺ​សង្សារ​ ​ជាទី​នៅ​នៃ​ម្រឹត្យុ​ ​ដែល​ពួក​សត្វ​ឆ្លង​បាន​ដោយ​កម្រ​ក្រៃពេក​ ​ចូរ​នាង​ផ្ចាញ់​នូវ​មារ​ ​ព្រមទាំង​វាហនៈ​ ​ហើយ​ទ្រទ្រង់នូវ​រាងកាយ​ជាទីបំផុត​។​

​ឧប​សមា​ថេរី​។​


 ​[​២៧៦​]​ ​ខ្ញុំ​ជា​អ្នក​រួច​ដោយ​ល្អ​ ​រួច​ដោយ​ប្រពៃ​ ​ព្រោះ​ការ​រួចចាក​អាការ​គម​ ​បី​យ៉ាង​ ​គឺ​ត្បាល់​(​១​)​ ​១​ ​អង្រែ​(​២​)​ ​១​ ​ប្ដី​គម​(​៣​)​ ​១​ ​ខ្ញុំ​ជា​អ្នក​រួចចាក​ជាតិ​ ​និង​មរណៈ​ហើយ​ ​តណ្ហា​ជា​គ្រឿង​នាំទៅ​កាន់​ភព​ ​ខ្ញុំ​ដកចេញ​ហើយ​។​

​មុត្តា​ថេរី​។


​(​១​)​ ​ស្ត្រី​កាល​លូកដៃ​ផាត់​ប្រមូល​គ្រាប់ស្រូវ​ក្នុង​ត្បាល់​ ​ត្រូវ​បង្អោន​ខ្នង​ឲ្យ​កោង​ ​ដូច​មនុស្ស​គម​។​ ​(​២​)​ ​លើក​អង្រែ​បុកស្រូវ​ ​ក៏​ត្រូវ​បង្អោន​ខ្នង​ដូចគ្នា​។​ ​(​៣​)​ ​ចំណែក​ស្វាមី​ជា​មនុស្ស​គម​ដែរ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636866998779020560
ទៅកាន់ទំព័រ៖