ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា ទុកនិបាត
[២៨៤] ម្នាលនាងនន្ទា នាងចូរមើល (រាងកាយនេះ) មានជំងឺជានិច្ច មិនស្អាត ជារបស់ស្អុយ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំឡើងហើយ ចូរនាងអប់រំចិត្តដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំល្អ។ ចូរនាងចំរើននូវអនិមិត្ត ចូរលះចោលនូវមានានុស័យ នាងនឹងបានស្ងប់រម្ងាប់ ព្រោះបានលះនូវមានះនោះ។
ឮថា ព្រះមានព្រះភាគ ទ្រង់ទូន្មានរឿយ ៗ នូវសិក្ខមានា ឈ្មោះនន្ទា ដោយគាថាទាំងនេះ ដោយប្រការដូច្នេះ។
នន្ទាថេរី។
[២៨៥] ពោជ្ឈង្គប្រាំពីរនេះណា ជាឧបាយដើម្បីដល់នូវព្រះនិព្វាន ពោជ្ឈង្គទាំងអស់នោះ ខ្ញុំបានចំរើនតាមលំអាន ដែលព្រះពុទ្ធទ្រង់សំដែងហើយ។ ព្រោះថា ព្រះមានព្រះភាគអង្គនោះ ខ្ញុំបានឃើញហើយ រាងកាយនេះ មានក្នុងទីបំផុត ជាតិសង្សារ (នៃខ្ញុំ) អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។
ជន្ដាថេរី។
[២៨៦] អញរួចស្រឡះ ផុតស្រឡះ រួចល្អហើយចាកអង្រែ (ប្ដីរបស់អញ) មិនមានសេចក្ដីអៀនខ្មាស (អញមិនគាប់ចិត្ត) ទាំងឆត្រ (ក៏មិនគាប់ចិត្ត) អញដែរ អញ (ផុតស្រឡះ) ចាកឆ្នាំង ចាកភាពជាអ្នកកំសត់។
ID: 636866999981509338
ទៅកាន់ទំព័រ៖