ព្រះត្រៃបិដក ភាគ ៥៧
អញបានផ្ដាច់ផ្ដិលរាគៈ និងទោសៈហើយ អញនោះ ចូលទៅរកគល់ឈើ ហើយចំរើនឈានជាសុខថា ឱ សុខណាស់តើ។
ថេរីភិក្ខុនីមួយរូប មាននាម និងគោត្រ មិនប្រាកដ។
[២៨៧] សួយក្នុងជនបទឈ្មោះកាសី មានចំនួនប៉ុន្មាន សួយរបស់ខ្ញុំ ក៏មានចំនួនប៉ុណ្ណោះដែរ អ្នកនិគម បានធ្វើ (ទ្រព្យចំនួន ៥០០) នោះ ឲ្យជាថ្លៃ ហើយតាំងទុកនូវខ្ញុំ (ដោយឈ្មោះថាអឌ្ឍកាសី) ដែលមានថ្លៃដោយថ្លៃ។ ក្នុងកាលជាខាងក្រោយមក ខ្ញុំក៏បាននឿយណាយក្នុងរូប កាលបើនឿយណាយ ក៏រសាយចិត្តថា សូមកុំឲ្យខ្ញុំអន្ទោលទៅកាន់ជាតិសង្សាររឿយ ៗ ទៀត វិជ្ជា ៣ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ សាសនាព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
អឌ្ឍកាសីថេរី។
[២៨៨] ពិតមែនតែខ្ញុំជាស្រីស្គម មានជំងឺ មានកំឡាំងថយខ្លាំង ច្រត់ដម្បងឡើងទៅលើភ្នំ។ ដាក់នូវសង្ឃាដី ផ្កាប់នូវបាត្រទុក (អង្គុយ) លើភ្នំ អាចទំលាយនូវគំនរងងឹត គឺមោហៈបាន ហើយសង្កត់សង្កិននូវខ្លួន (ដោយការទំលាយនូវគំនរងងឹត គឺមោហៈនោះឯង)។
ចិត្តាថេរី។
[២៨៩] ពិតមែនហើយតែខ្ញុំជាអ្នករងទុក្ខ មានកំឡាំងថមថយ មានវ័យកន្លងជ្រុលហើយ ច្រត់ដំបងឡើងទៅលើភ្នំ។
ID: 636867000374701827
ទៅកាន់ទំព័រ៖