ព្រះត្រៃបិដក ភាគ ៥៧
អាត្មាអញបានលះប្រយោជន៍ដ៏ឧត្តមចោល ហើយសេពនូវប្រយោជន៍ថោកទាប លុះក្នុងអំណាចនៃកិលេសទាំងឡាយ មិនត្រេកអរនឹងប្រយោជន៍នៃសមណៈ។ សេចក្ដីសង្វេគ ក៏មានដល់អាត្មាអញនោះ ដែលអង្គុយក្នុងលំនៅថា អាត្មាអញដើរផ្លូវខុស លុះក្នុងអំណាចតណ្ហា។ ជីវិតរបស់អាត្មាអញមានប្រមាណតិច ជរា និងព្យាធិតែងញាំញី មុនកាយនេះនឹងបែកធ្លាយ មិនមែនជាកាលគួរ អាត្មាអញធ្វេសប្រហែសឡើយ។ អាត្មាអញកាលពិចារណានូវការកើតឡើង និងការសូន្យទៅនៃខន្ធទាំងឡាយតាមពិត ក៏មានចិត្តរួចស្រឡះ ហើយចេញ (ចាកកិលេសទាំងពួង) ពុទ្ធសាសនា អាត្មាអញបានធ្វើហើយ។
មិត្តកាលីថេរី។
[៣០៩] អាត្មាអញកាលនៅក្នុងផ្ទះ បានស្ដាប់ធម៌របស់ភិក្ខុហើយ ឃើញធម៌ ប្រាសចាកធូលី គឺកិលេស ជាធម៌នាំសត្វឲ្យចេញចាកតណ្ហា ជាហេតុនាំឲ្យបានសេចក្ដីសុខ មិនឃ្លាត។ អាត្មាអញនោះ បានបោះបង់ចោលនូវកូនប្រុសផង កូនស្រីផង ទ្រព្យ និងស្រូវផង បានឲ្យគេកោរសក់ ហើយមកបួសក្នុងធម្មវិន័យ។ អាត្មាអញកាលនៅជាសិក្ខមានា បានញ៉ាំងមគ្គខាងលើឲ្យកើត បានលះរាគៈ និងទោសៈផង អាសវៈទាំងឡាយដែលតាំងនៅជាមួយគ្នានឹងរាគៈទោសៈនោះផង។
ID: 636867004831426737
ទៅកាន់ទំព័រ៖