ព្រះត្រៃបិដក ភាគ ៥៧

​លុះ​អាត្មាអញ​បាន​ឧបសម្បទា​ជា​ភិក្ខុនី​ហើយ​ ​ក៏​រលឹក​ឃើញ​នូវ​បុព្វជាតិ​ ​ទាំង​ទិព្វចក្ខុ​មិន​មានមន្ទិល​ ​ដែល​ពួកសប្បុរស​ចំរើន​ហើយ​ ​ក៏​អាត្មាអញ​បាន​ជម្រះ​ហើយ​ ​អាត្មាអញ​បានឃើញ​សង្ខារ​ទាំងឡាយ​ ​ដែល​កើតអំពី​ហេតុ​ ​មាន​សភាព​ទ្រុឌទ្រោម​ ​ថា​ជា​របស់​ដទៃ​ ​ហើយ​បាន​លះ​អាសវៈ​ទាំងអស់​ ​ជា​អ្នកមាន​ចិត្តត្រជាក់​ ​បាន​រលត់ទុក្ខ​ហើយ​។​ ​

​សកុ​លា​ថេរី​។​


 [​៣១០​]​ ​អាត្មាអញ​បាន​សម្រាលកូន​ដប់​ ​ក្នុង​សរីរៈ​ ​គឺ​រូប​នេះ​ ​ព្រោះហេតុនោះ​ ​អាត្មាអញ​មាន​កំឡាំង​ថយ​ ​គ្រាំគ្រា​ ​បាន​ចូល​ទៅ​រក​ភិក្ខុនី​មួយ​រូប​។​ ​លោក​បាន​សំដែងធម៌​ ​គឺ​ខន្ធ​ ​អាយតនៈ​ ​ធាតុ​ ​ដល់​អាត្មាអញ​ ​លុះ​អាត្មាអញ​បាន​ស្ដាប់ធម៌​របស់​លោក​ហើយ​ ​ក៏បាន​កោរសក់​បួស​ ​អាត្មាអញ​នោះ​ ​កំពុង​សិក្សា​ ​(​សិក្ខា​បី​)​ ​បាន​ជម្រះ​ទិព្វចក្ខុ​ ​ដឹង​នូវ​បុព្វេ​និវាស​ ​ដែល​អាត្មាអញ​បាន​អាស្រ័យ​នៅ​ហើយ​ក្នុង​កាលមុន​។​ ​អាត្មាអញ​មាន​អារម្មណ៍​តែមួយ​ ​មានចិត្ត​តម្កល់​មាំ​ ​ចំរើន​អនិមិត្ត​វិមោក្ខ​ ​ជា​អ្នក​បាន​វិមោក្ខ​ក្នុង​លំដាប់​ ​(​នៃ​មគ្គ​ដ៏​ប្រសើរ​)​ ​រលត់កិលេស​ហើយ​ ​ព្រោះ​មិន​ប្រកាន់​។​ ​បញ្ចក្ខន្ធ​ ​អាត្មាអញ​បាន​កំណត់​ហើយ​ ​មាន​ឫស​ផ្ដាច់ផ្ដិល​ហើយ​ ​អាត្មាអញ​មិន​មាន​តណ្ហា​ ​ដែល​កើតអំពី​វត្ថុ​ដែល​តាំងនៅ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​។​

​សោ​ណា​ថេរី​។​

ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636867005198467731
ទៅកាន់ទំព័រ៖