ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា ឆក្កនិបាត
[៣១៥] នាងមិនដឹងផ្លូវរបស់សត្វណា ដែលមក ឬទៅទេ ហើយយំរកកូន ដែល (មិនដឹងជា) មកអំពីទីណានោះថា ឱកូនអាត្មាអញអើយ។ ទុកជានាងដឹងផ្លូវរបស់កូននោះ ដែលមក ឬទៅ ក៏មិនគប្បីសោករកកូននោះឡើយ ព្រោះសត្វមានយ៉ាងនេះជាធម្មតា។ (សត្វនោះ) មិនមានអ្នកណាមួយអង្វរឲ្យមកអំពីបរលោកនោះ ទាំងមិនមានអ្នកណាមួយ អនុញ្ញាតឲ្យទៅអំពីលោកនេះឡើយ ទំនងជាមកអំពីទីណាមួយ (មាននរកជាដើម) មកអាស្រ័យនៅ (ក្នុងទីនេះ) អស់ពីរបីថ្ងៃ។ សត្វសូម្បីទៅអំពីភពនេះ មកកាន់ភពដទៃ ទៅអំពីភពនោះ ទៅកាន់ភពដទៃ ចែកឋនទៅហើយ ដោយសភាពជាមនុស្ស នឹងអន្ទោលទៅ បើមកយ៉ាងណា ក៏ទៅយ៉ាងនោះ ការខ្សឹកខ្សួល ព្រោះតែសត្វនោះ មានប្រយោជន៍អ្វី។
លោកម្ចាស់បានដកព្រួញ គឺសេចក្ដីសោក ដែលឃើញដោយកម្រ អាស្រ័យនូវហ្ឫទ័យរបស់ខ្ញុំ លោកម្ចាស់បានបន្ទោបង់សេចក្ដីសោកព្រោះកូនរបស់ខ្ញុំ ដែលត្រូវសេចក្ដីសោកគ្របសង្កត់ហើយ។
ID: 636867006570936232
ទៅកាន់ទំព័រ៖