ព្រះត្រៃបិដក ភាគ ៥៧
[៣២៤] អាត្មាជាភិក្ខុនី បានចំរើននូវឥន្រ្ទិយ ផ្ចង់ស្មារតី បានចាក់ធ្លុះនូវព្រះនិព្វាន ជាទីស្ងប់រម្ងាប់នូវសង្ខារ ជាសុខក្រៃលែង។
នាងជាស្ត្រីកំណោរ ប្រាកដដូចជាសមណី តើឧទ្ទិសចំពោះលទ្ធិណា នាងមិនគាប់ចិត្តនឹងលទ្ធិទាំងឡាយ ហេតុអ្វីក៏នាងជាស្ត្រីវង្វេងប្រព្រឹត្តបែបនេះ។
លទ្ធិទាំងឡាយ ខាងក្រៅអំពីសាសនានេះ អាស្រ័យនូវទិដ្ឋិទាំងឡាយ ពួកជន (ប្រកាន់លទ្ធិ) នោះ មិនដឹងច្បាស់នូវធម៌ ពួកជននោះ មិនវាងវៃក្នុងធម៌។ មាន (ព្រះរាជបុត្រមួយអង្គ) កើតក្នុងសក្យត្រកូល បានត្រាស់ជាព្រះពុទ្ធ មិនមានបុគ្គលផ្ទឹមបាន ព្រះអង្គបានសំដែងប្រាប់អាត្មានូវអរិយសច្ចធម៌ ជាធម៌ប្រព្រឹត្តកន្លងនូវទិដ្ឋិ គឺទុក្ខ ១ ហេតុនាំឲ្យកើតទុក្ខ ១ ទីដែលប្រព្រឹត្តកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១។ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ហើយ គំនរងងឹត អាត្មាបានទំលាយហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង យើងកំចាត់ចេញហើយ។
ចាលាថេរី។
ID: 636867009468121941
ទៅកាន់ទំព័រ៖