ព្រះត្រៃបិដក ភាគ ៥៧
[៣២៥] អាត្មាជាភិក្ខុនី មានស្មារតី មានចក្ខុ គឺបញ្ញា មានឥន្រ្ទិយចំរើនហើយ បានចាក់ធ្លុះនូវព្រះនិព្វានជាទីស្ងប់ ដែលបុរសថោកទាបមិនដែលបានសេពហើយ។
នាងមិនគាប់ចិត្តនឹងជាតិទេឬ សត្វដែលកើតហើយ តែងបរិភោគកាមទាំងឡាយ នាងចូរបរិភោគនូវតម្រេកក្នុងកាមទាំងឡាយ កុំឲ្យមានសេចក្ដីស្ដាយក្រោយ។
សេចក្ដីស្លាប់ និងការកាត់នូវដៃជើង រមែងមានដល់សត្វដែលកើតហើយ សត្វដែលកើតហើយ រមែងដល់នូវសេចក្ដីទុក្ខ មានការសម្លាប់ និងការចងជាកំណត់។ មាន (ព្រះរាជបុត្រមួយព្រះអង្គ) កើតក្នុងសក្យត្រកូល បានត្រាស់ជាព្រះពុទ្ធ ព្រះអង្គផ្ចាញ់នូវមារ មានកិលេសមារជាដើម ព្រះអង្គបានសំដែងប្រាប់អាត្មានូវអរិយសច្ចធម៌ ជាធម៌កន្លងនូវជាតិ គឺទុក្ខ ១ ហេតុនាំឲ្យកើតទុក្ខមួយ ១ ទីដែលប្រព្រឹត្តកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១។ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ។
ID: 636867009737887371
ទៅកាន់ទំព័រ៖