ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា អដ្ឋកនិបាត
[៣២៦] ភិក្ខុនី បរិបូណ៌ដោយសីល សង្រួមដោយប្រពៃ ក្នុងឥន្រ្ទិយទាំងឡាយ គប្បីបាននូវព្រះនិព្វានជាទីស្ងប់ មានឱជៈមិនច្របូកច្របល់ដោយវត្ថុអ្វីមួយ។
ពួកទេវតាណា នៅក្នុងឋនតាវត្តិង្សក្ដី នៅក្នុងឋនយាមៈក្ដី នៅក្នុងឋនតុសិតក្ដី ពួកទេវតានៅក្នុងឋននិម្មានរតីក្ដី ពួកទេវតានៅក្នុងឋនបរនិម្មិតវសវត្តីក្ដី នាងចូរតាំងចិត្តទៅរកពួកទេវតាទាំងនោះ ដែលនាងធ្លាប់នៅហើយ ក្នុងកាលមុន។
ពួកទេវតាណា នៅក្នុងឋនតាវត្តិង្សក្ដី នៅក្នុងឋនយាមៈក្ដី នៅក្នុងឋនតុសិតក្ដី ពួកទេវតានៅក្នុងឋននិម្មានរតីក្ដី ពួកទេវតានៅក្នុងឋនបរនិម្មិតវសវត្តីក្ដី (ទេវតាទាំងនោះ ចេញ) អំពីភពទៅកាន់ភព សព្វ ៗ កាល តម្កល់នៅក្នុងសក្កាយ គឺខន្ធបញ្ចកៈ មិនប្រព្រឹត្តកន្លងនូវសក្កាយ ជាអ្នកអន្ទោលទៅកាន់ជាតិ និងមរណៈ។ លោកទាំងមូលឆេះ លោកទាំងមូលច្រានរន្ទាល លោកទាំងមូលសន្ធោសន្ធៅ លោកទាំងមូលញាប់ញ័រ (ដោយភ្លើង ១១ មានរាគៈជាដើម) ព្រះពុទ្ធបានសំដែងធម៌ប្រាប់អាត្មា ជាធម៌ដែលមិនកម្រើក មិនមានអ្វីផ្ទឹមបាន ដែលបុថុជ្ជនសេពមិនបាន ហើយចិត្តរបស់អាត្មាត្រេអរចំពោះក្នុងធម៌នោះ។
ID: 636867017865732257
ទៅកាន់ទំព័រ៖