ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា ឯកាទសកនិបាត
[៣២៨] ភាពនៃកល្យាណមិត្តចំពោះសត្វលោក ព្រះមុនីទ្រង់សរសើរហើយ បុគ្គលកាលគប់រកនូវពួកកល្យាណមិត្ត សូម្បីខ្លួនជាបុគ្គលពាល ក៏គង់បានទៅជាបណ្ឌិត។ បុគ្គលគួរគប់រកនូវពួកសប្បុរស ប្រាជ្ញានៃពួកបុគ្គលដែលរាប់រក (នូវសប្បុរស) រមែងចំរើនដោយពិត បុគ្គលឯណានីមួយ មានក្សត្រជាដើម កាលគប់រកនូវពួកសប្បុរស គប្បីរួចចាកទុក្ខទាំងអស់ផង គប្បីដឹងនូវអរិយសច្ចទាំង ៤ ផង គឺទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ ទុក្ខនិរោធសច្ច ១ មគ្គសច្ច ប្រកបដោយអង្គ ៨ ប្រការ ១។ ព្រះមានព្រះភាគ ជាសារថីទូន្មាននូវបុរស ទ្រង់ត្រាស់ថា ឥត្ថីភាព នាំមកនូវសេចក្ដីទុក្ខ។ មែនពិត ការនៅរួមជាមួយនឹងស្វាមី នាំមកនូវទុក្ខ ស្រីពួកខ្លះ សម្រាលបុត្រតែម្ដង ដាច់បំពង់ស្បូន (ស្លាប់) ក៏មាន (ស្រីពួកខ្លះ) ជាសុខុមាលជាតិ មានគភ៌រវាងពាក់កណ្ដាល ប្រាថ្នាសម្លាប់កូនក្នុងគភ៌ ស៊ីថ្នាំពិស ដល់នូវសេចក្ដីវិនាស ទាំងពីរនាក់ (កូន និងម្ដាយ) ក៏មាន។
ខ្ញុំកាលទៅរកទីសម្រាល (កូន) បានឃើញប្ដីស្លាប់ ខ្ញុំទៅមិនទាន់ដល់ផ្ទះរបស់ខ្លួន ក៏សម្រាល (កូន) កណ្ដាលផ្លូវ។
ID: 636867018991486647
ទៅកាន់ទំព័រ៖