ព្រះត្រៃបិដក ភាគ ៥៧
កូនទាំងពីរ ក៏ធ្វើមរណកាល ប្ដីរបស់ខ្ញុំក៏ស្លាប់ក្នុងផ្លូវ ខ្ញុំជាស្រីកំព្រា ឯមាតាបិតា និងបងប្អូនប្រុស ក៏ត្រូវគេដុតក្នុងជើងថ្ករជាមួយគ្នា។ នាងរងទុក្ខប្រមាណមិនបាន ក្នុងត្រកូលដែលអស់ភោគសម្បត្តិ ជាត្រកូលកំព្រា ទឹកភ្នែករបស់នាងប្រព្រឹត្តទៅអស់ពាន់ជាតិជាច្រើន។ ខ្ញុំឃើញនាង (កើតជា) ចចកញី ស៊ីសាច់មនុស្សក្នុងកណ្ដាលព្រៃស្មសាន មួយទៀត សាច់កូន ក៏នាងបានស៊ីហើយ (ក្នុងអត្តភាពនេះ) ខ្ញុំមានវង្សត្រកូលសាបសូន្យ ត្រូវអ្នកផងតិះដៀល មានប្ដីក៏ស្លាប់ តែបានត្រាស់ដឹងនូវអមតៈ។ អរិយមគ្គប្រកបដោយអង្គ៨ ជាដំណើរទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈនេះ ខ្ញុំបានចំរើនហើយ ទាំងព្រះនិព្វាន ខ្ញុំក៏បានធ្វើឲ្យជាក់ច្បាស់ហើយដែរ ខ្ញុំបានឃើញហើយនូវកញ្ចក់ គឺធម៌។ ខ្ញុំមានសរ គឺរាគាទិក្កិលេសកាត់ហើយ មានភារៈដាក់ចុះហើយ កិច្ចដែលគួរធ្វើ ខ្ញុំបានធ្វើរួចស្រេចហើយ នាងកីសាគោតមីថេរី មានចិត្តផុតស្រឡះហើយ (ចាកកិលេស) បានពោលនូវសេចក្ដីនេះ។
កីសាគោតមីថេរី។
ចប់ ឯកាទសកនិបាត។
ID: 636867019259871997
ទៅកាន់ទំព័រ៖