ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា ទ្វាទសកនិបាត
[៣២៩] យើងទាំងពីរនាក់ គឺមាតា និងធីតា មានប្ដីជាមួយគ្នា (ភរិយារួមប្ដី) សេចក្ដីតក់ស្លុត សេចក្ដីព្រឺរោម អស្ចារ្យចំឡែក កើតមានដល់ខ្ញុំនោះ។ ថ្វឺយ កាមទាំងឡាយ ជារបស់មិនស្អាត មានក្លិនអាក្រក់ ដូចជាបន្លាច្រើនយ៉ាង ដែលនាំយើងទាំងពីរនាក់ គឺមាតា និងធីតា ឲ្យជាភរិយាជាមួយគ្នា។ លុះខ្ញុំឃើញទោសក្នុងកាមទាំងឡាយហើយ ឃើញនេក្ខម្មៈ ថាជារបស់ក្សេម ទើបចេញចាកផ្ទះក្នុងក្រុងរាជគ្រឹះ ចូលកាន់ផ្នួស។ ខ្ញុំដឹងនូវបុព្វេនិវាស ឯទិព្វចក្ខុ និងចេតោបរិយញ្ញាណ ខ្ញុំជម្រះហើយ ទិព្វសោតធាតុ ខ្ញុំជម្រះហើយដែរ។ ទាំងឫទ្ធិ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈ ខ្ញុំបានដល់ហើយ អភិញ្ញា ៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។ ខ្ញុំនិមិ្មតនូវរថទឹមសេះ ៤ ដោយឫទ្ធិ ហើយថ្វាយបង្គំព្រះបាទទាំងគូនៃព្រះពុទ្ធដ៏មានសិរី ជាទីពឹងនៃសត្វលោក។
នាងជាស្រីម្នាក់ឯង ចូលមកកាន់ដើមរាំងភ្នំ ដែលនៅចុងមានផ្ការីកស្គុះស្គាយ ហើយឈរនៅទៀបគល់ឈើ បុគ្គលណាមួយជាគំរប់ពីររបស់នាងក៏មិនមាន នែស្រ្តីពាល នាងមិនខ្លាចពួកអ្នកលេងទេឬ។
ID: 636867019530247462
ទៅកាន់ទំព័រ៖