ព្រះត្រៃបិដក ភាគ ៥៧
សេចក្តីសោកស្តាយណា របស់បុរសបុគ្គលទាំងឡាយដទៃ ដើម្បីជីវិត សេចក្តីសោកស្តាយនុ៎ះ មិនមែនដើម្បីប្រយោជន៍ដល់សត្វដែលស្លាប់ទៅហើយទេ ការយំចំពោះសត្វ ដែលស្លាប់ហើយ មិនមែនជាយស មិនមែនជាការល្អទេ សមណព្រាហ្មណ៍ទាំងឡាយ មិនសរសើរការយំឡើយ។ ការយំ រមែងបៀតបៀននូវចក្ខុ និងសរីរៈ (របស់បុគ្គលអ្នកយំ) ពណ៌សម្បុរក្តី កំឡាំងក្តី ប្រាជ្ញាក្តី នៃអ្នកយំ រមែងសាបសូន្យ ពួកសត្រូវរបស់បុគ្គលអ្នកយំនោះ ក៏មានសេចក្តីត្រេកអរ ពួកបុគ្គលអ្នកស្វែងរកប្រយោជន៍ឲ្យបុគ្គលអ្នកយំនោះ បាននូវសេចក្តីទុក្ខ។ ព្រោះហេតុនោះ ពួកជនឆ្លងនូវកិច្ច (របស់ខ្លួន) ដោយកំឡាំងប្រាជ្ញា របស់អ្នកប្រាជ្ញទាំងឡាយណា ដូចពួកជនឆ្លងនូវទន្លេមានទឹកពេញដោយទូក បុគ្គលគប្បីប្រាថ្នានូវអ្នកប្រាជ្ញ ជាពហុស្សូតនោះ ឲ្យនៅក្នុងត្រកូល (របស់ខ្លួន)។
មហាកប្បិនត្ថេរ។
[២៣៧] ញាណគតិរបស់អាត្មាអញទន់ខ្សោយក្នុងកាលមុន អាត្មាអញភ្លេចភ្លាំងស្មារតី ថែមទាំងបងប្រុស ក៏បណ្តេញអាត្មាអញថា ឥឡូវនេះ អ្នកចូរទៅផ្ទះចុះ។ អាត្មាអញនោះ ត្រូវបងបណ្ដេញហើយ ក៏តូចចិត្ត តែនៅមានអាឡោះអាល័យ ក្នុងសាសនា ក៏ឈរនៅជិតក្លោងទ្វារនៃអារាមរបស់សង្ឃនោះ។
ID: 636866931200295278
ទៅកាន់ទំព័រ៖