ព្រះត្រៃបិដក ភាគ ៥៧
ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយវត្ថុដែលកើតឡើងចំពោះមុខ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង។ ពួកសមណៈ ចេញអំពីត្រកូលផ្សេង ៗ អំពីជនបទផ្សេង ៗ ទៅបួស រមែងរាប់រកគ្នា ទៅវិញទៅមក ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង។
(បិតានិយាយថា) ម្នាលនាងរោហិណីដ៏ចំរើន នាងកើតក្នុងត្រកូលនៃយើង ដើម្បីប្រយោជន៍ពិត នាងជាស្រ្តីមានសទ្ធា មានសេចក្ដីគោរពដ៏មុតមាំ ក្នុងព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង។ ដ្បិតនាងស្គាល់នូវបុញ្ញក្ខេត្តនុ៎ះ ជាបុញ្ញក្ខេត្តឧត្តមពិតមែន បើបានសមណៈទាំងនុ៎ះ ទទួលទក្ខិណាទានរបស់ខ្ញុំ ប្រហែលគ្រឿងបូជា ដែលខ្ញុំតម្កល់ហើយ ចំពោះសមណៈទាំងនុ៎ះ នឹងមានផលបរិបូណ៌។
(នាងរោហិណីពោលថា) បើអ្នកខ្លាចទុក្ខ បើទុក្ខមិនជាទីស្រឡាញ់របស់អ្នកទេ អ្នកចូរដល់នូវព្រះពុទ្ធជាតាទិបុគ្គលផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ចូរសមាទានសីលទាំងឡាយចុះ ការដល់នូវទីពឹង និងការសមាទានសីលនោះ នឹងមានប្រយោជន៍ដល់អ្នក។
(បិតាពោលថា) ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាតាទិបុគ្គលផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង សូមសមាទានសីលទាំងឡាយ ការដល់ទីពឹង និងសមាទានសីលនុ៎ះ នឹងមានប្រយោជន៍ដល់ខ្ញុំ។
ID: 636867022711449416
ទៅកាន់ទំព័រ៖