ព្រះត្រៃបិដក ភាគ ៥៧
ព្រះមានព្រះភាគ ទ្រង់យាងមកក្នុងទីនោះ បានស្ទាបអង្អែលក្បាលរបស់អាត្មាអញ ហើយក៏ចាប់អាត្មាអញត្រង់ដើមដៃ ឲ្យចូលទៅកាន់អារាមនៃសង្ឃ។ ព្រះសាស្តាទ្រង់ប្រទាននូវសំពត់សម្រាប់ជូតជើង ដោយសេចក្តីអនុគ្រោះ ដល់អាត្មាអញថា អ្នកចូរអធិដ្ឋាននូវសំពត់ស្អាតនេះ ធើ្វឲ្យជាសំពត់ដែលខ្លួនអធិដ្ឋានល្អហើយ ក្នុងទីដ៏សមគួរចុះ។ លុះអាត្មាអញបានស្ដាប់ព្រះបន្ទូលរបស់ព្រះមានព្រះភាគនោះហើយ ក៏ត្រេកអរក្នុងសាសនា បានញ៉ាំងសមាធិឲ្យសម្រេច ដើម្បីបាននូវប្រយោជន៍ដ៏ឧត្តម អាត្មាអញដឹងនូវបុព្វេនិវាស ទិព្វចក្ខុ អាត្មាអញបានជម្រះហើយ ត្រៃវិជ្ជា អាត្មាអញបានដល់ដោយលំដាប់ហើយ ព្រះពុទ្ធសាសនា អាត្មាអញបានធើ្វហើយ។ បន្ថកភិក្ខុ និម្មិតខ្លួនជាមួយពាន់ ហើយអង្គុយក្នុងអម្ពវ័ន ជាទីរីករាយ ដរាបដល់ការប្រាប់នូវភត្តកាល។ លំដាប់នោះ ព្រះសាស្តាទ្រង់ប្រើទូតឲ្យទៅប្រាប់ភត្តកាលដល់អាត្មាអញ កាលទូតមកប្រាប់ភត្តកាល អាត្មាអញក៏មកតាមអាកាស។ អាត្មាអញថ្វាយបង្គំព្រះបាទានៃព្រះសាស្តា រួចហើយអង្គុយក្នុងទីសមគួរ គ្រានោះ ព្រះសាស្តាទ្រង់ជ្រាបថា អាត្មាអញអង្គុយហើយ ទើបបានទ្រង់ទទួល (ទក្ខិណោទក)។ ព្រះអង្គ ជាទីបូជារបស់សត្វលោក ជាបដិគ្គាហកៈរបស់បុគ្គលអ្នកបូជាទាំងឡាយ ជាបុញ្ញក្ខេត្តរបស់មនុស្សទាំងឡាយ ទ្រង់ទទួលនូវទក្ខិណាទាន។
ចូឡបន្ថកត្ថេរ។
ID: 636866931423258030
ទៅកាន់ទំព័រ៖